ចិនបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
24-11-2026 11:45
(ប៉េកាំង)៖ នៅវេលាម៉ោង ៨៖១៨ នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកាស្អែកនេះ ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ដែលជាយានអវកាសមានមនុស្សបើកបរទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន។ ការបង្ហោះយានអវកាសនេះ នឹងប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Jiuquan។
អ្នកនាំពាក្យបានប្រកាសថា៖ «បន្ទាប់ពីពិចារណាយ៉ាងយកចិត្តទុកដាក់ ការបង្ហោះយានអវកាសមានមនុស្សបើកបរ Shenzhou-24 ត្រូវបានកំណត់គោលដៅនៅវេលាម៉ោង ៨៖១៨ នាទីព្រឹក ម៉ោងនៅទីក្រុងប៉េកាំង ថ្ងៃទី២៥ ខែវិច្ឆិកា។ ក្រុមអវកាសយានិករួមមាន លោក Tang Hongbo, លោក Wu Yi និងអវកាសយានិកប៉ាគីស្ថាន លោក Muhammad Zeeshan Ali ដោយលោក Tang Hongbo ធ្វើជាមេបញ្ជាការ»។
អវកាសយានិកទាំង៣រូបនេះ នឹងបំពេញតួនាទីជា អ្នកបើកបរយានអវកាស វិស្វករហោះហើរអវកាស និងអ្នកឯកទេសខាងបន្ទុកឧបករណ៍រៀងៗគ្នា។ ដោយអវកាសយានិក Tang Hongbo ធ្លាប់បានអនុវត្តបេសកកម្មហោះហើរមានមនុស្សបើកបរ Shenzhou-12 និង Shenzhou-17 រួចមកហើយ ហើយនឹងក្លាយជាអវកាសយានិកដំបូងគេដែលទៅកាន់ស្ថានីយអវកាស Tiangong ចំនួន៣ដង។
ចំណែកអវកាសយានិក Wu Yi គឺជាអវកាសយានិកជំនាន់ទី៣ របស់ប្រទេសចិន ហើយនឹងអនុវត្តបេសកកម្មហោះហើរជាលើកដំបូង។ អវកាសយានិកប៉ាគីស្ថាន លោក Muhammad Zeeshan Ali នឹងក្លាយជាអវកាសយានិកបរទេសដំបូងគេ ដែលបានឡើងទៅកាន់ស្ថានីយអវកាស Tiangong របស់ចិន ដើម្បីបំពេញបេសកកម្មស្រាវជ្រាវវិទ្យាសាស្ត្ររួមគ្នារវាងចិន និងប៉ាគីស្ថានក្នុងរយៈពេលខ្លី មុននឹងត្រឡប់មកផែនដីវិញជាមួយក្រុមនាវិក Shenzhou-23។
សូមជម្រាបថា យាន Shenzhou-24 បានដើរតួជាយានដឹកជញ្ជូនមនុស្ស ដើម្បីនាំអវកាសយានិកទៅប្តូរវេនការងារជាមួយក្រុមនាវិក Shenzhou-23 ដែលកំពុងស្នាក់នៅលើស្ថានីយ Tiangong ស្រាប់ ព្រមទាំងធ្វើការពិសោធន៍វិទ្យាសាស្ត្រ និងថែទាំស្ថានីយអវកាស៕




