អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ (Video inside)

24-11-2026 11:43

(ហ្សាការតា)៖ ប៉ូលិសឥណ្ឌូណេស៊ីបានចោទប្រកាន់អតីតមេប៉ូលិសម្នាក់ពីអំពើក្បត់ជាតិ បន្ទាប់ពីមានការស៊ើបអង្កេតមួយលើរឿងអាស្រូវលួចស្ដាប់ទូរស័ព្ទប្រធានាធិបតី ហើយដែលអាជ្ញាធរចាត់ទុកថាអំពើនេះមានគោលដៅបំផ្លាញទំនុកចិត្តរបស់ប្រជាជនឥណ្ឌូណេស៊ីចំពោះរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Prabowo Subianto។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ម្នាក់ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការចោទប្រកាន់ជាផ្លូវការខាងលើធ្វើឡើងក្រោយមានការចោទប្រកាន់ថាក្រុមមន្ត្រីមួយចំនួនមានជាប់ពាក់ព័ន្ធនឹងការលួចស្ដាប់ទូរស័ព្ទប្រធានាធិបតី លោក Prabowo រួមទាំងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល សកម្មជន និងអ្នកសារព័ត៌មាន។ លោក Asep Safrudin ជាប្រធានអង្គភាពស៊ើបអង្កេតព្រហ្មទណ្ឌរបស់ប៉ូលិសឥណ្ឌូណេស៊ី បានឱ្យដឹងនៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាបច្ចុប្បន្នមានមន្ត្រី ៦នាក់ ត្រូវបានចុចឈ្មោះថាជាជនសង្ស័យ ក្នុងនោះរួមមានទាំងអតីតអគ្គស្នងការនគរបាលជាតិ លោក Listyo Sigit Prabowo ដែលស្គាល់ថាជាសម្ព័ន្ធមិត្តនយោបាយរបស់អតីតប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo។ មានឈ្មោះ Prabowo ដូចគ្នាមែន តែលោក Listyo Sigit Prabowo មិនមានទំនាក់ទំនងសាច់ញាតិជាមួយលោកប្រធានាធិបតី Prabowo នោះទេ។

លោក Asep បានគូសបញ្ជាក់ដូច្នេះថា «ជនសង្ស័យដែលត្រូវបានចោទប្រកាន់ បានព្រមព្រៀង រៀបចំផែនការ និងប្រព្រឹត្តអំពើក្បត់ជាតិដោយមានចេតនាការពារតំណែងជាមេប៉ូលិស...តាមរយៈធ្វើឱ្យប្រជាជនបាត់ទំនុកចិត្តលើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Prabowo Subianto»។

គួរបញ្ជាក់ថា ការចោទប្រកាន់ពីអំពើក្បត់ជាតិជារឿងកម្រមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី ហើយបើតាមច្បាប់ឥណ្ឌូណេស៊ី ជនត្រូវបានតុលាការកាត់ទោសឱ្យមានពិរុទ្ធអាចប្រឈមមុខនឹងការផ្តន្ទាទោសប្រហារជីវិត៕