តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
24-11-2026 10:54
(Reuters)៖ តាហ្ស៉ីគីស្ថានបានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីជាផ្លូវការដើម្បីដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចាប់តាំងពីសហរដ្ឋអាមេរិកបានដាក់ចេញយុទ្ធនាការការទូតមួយដើម្បីរំលាយតុលាការអន្តរជាតិមួយនេះ។ នេះបើតាមការប្រកាសរបស់តុលាការ ICC ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាហ្ស៉ីគីស្ថានបានចូលរួមជាមួយប្រទេសឆាដ វ៉េណេស៊ុយអេឡា និងប្រទេសដែនកោះ Naoero (ប្រទេសដែនកោះប៉ាស៊ីហ្វិកពីមុនមានឈ្មោះថា Nauru) ដែលសុទ្ធសឹងជាប្រទេសបានប្រកាសពីការដកខ្លួនរបស់ពួកគេចេញពី ICC ចាប់តាំងពីសហរដ្ឋអាមេរិកអំពាវនាវឱ្យបណ្ដាប្រទេសជាសមាជិកដកខ្លួនចេញពីតុលាការអន្តរជាតិមួយនេះកាលពីខែកក្កដាកន្លងទៅ។
កាលពីខែមីនា ឆ្នាំ២០២៦ ICC បានរិះគន់តាហ្ស៉ីគីស្ថានសម្រាប់បរាជ័យក្នុងការចាប់ខ្លួនប្រធានាធិបតីរុស្ស៉ី លោក វ៉ា្លឌីមៀ ពូទីន ដែលកំពុងស្ថិតនៅក្រោមការតាមចាប់ខ្លួនរបស់ ICC ជុំវិញការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន អំឡុងប្រមុខវិមានក្រឹមឡាំងបំពេញទស្សនកិច្ចនៅតាហ្ស៉ីគីស្ថានកាលពីឆ្នាំ២០២៥។ ក្រៅពីប្រទេសទាំងនេះ បួរគីណាហ្វាសូ ម៉ាលី និងនីហ្សេក៏បានប្រកាសពីការចាកចេញរបស់ពួកគេផងដែរកាលពីឆ្នាំ២០២៥ ដោយចោទ ICC ថាជាឧបករណ៍គាបសង្កត់ក្រោមទម្រង់អាណានិគមថ្មីមួយ។
ICC ជាតុលាការអន្តរជាតិមានភារកិច្ចកាត់ទោសបុគ្គលត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មឈ្លានពាន នៅពេលតុលាការក្នុងប្រទេសណាមួយមិនមានឆន្ទៈ ឬគ្មានសមត្ថភាពក្នុងការកាត់ទោស។ ក្នុងសេចក្ដីថ្លែងការណ៍មួយ តុលាការ ICC បាននិយាយថាសកម្មភាពដើម្បីចាប់ផ្ដើមជាផ្លូវការនូវនីតិវិធីចាយពេលមួយឆ្នាំដើម្បីដកខ្លួនចេញពី ICC បានបង្ក ហានិភ័យនៃការបំផ្លាញដល់ការស្វែងរកយុត្តិធម៌ជាសមូហភាព ហើយអាចធ្វើឱ្យចុះខ្សោយដល់កិច្ចប្រឹងប្រែងបិទបញ្ចប់និទណ្ឌភាពជាសកល។
គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ដដែលក៏បានបញ្ជាក់ដែរថាការសម្រេចចិត្តដកខ្លួនមិនមែនមានន័យថាប្រទេសទាំងនោះរួចផុតពីការអនុវត្ត កាត្វពកិច្ចរបស់ពួកគេនៅក្រោមសន្ធិសញ្ញាបង្កើតតុលាការ ICC នោះទេ ខណៈពួកគេនៅតែភាគីនៃសនិ្ធសញ្ញានេះនៅឡើយ។ បច្ចុប្បន្ន ICC មានសមាជិកចំនួន ១២៥ប្រទេស។ ប៉ុន្តែចំនួននេះនៅតែរាប់បញ្ចូលប្រទេសចំនួន ៧ ដែលបានសម្រេចចិត្តជាផ្លូវការចាប់ផ្ដើមនីតិវិធីដកខ្លួន ដែលអាចនឹងចាយពេល១ឆ្នាំ៕
