FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យន្តហោះយោធារុស្ស៉ីជាច្រើនគ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង

24-11-2026 09:11

(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរាយការណ៍ថាយន្ដហោះយោធារុស្ស៉ីជាច្រើនគ្រឿងបានហោះចូលក្នុងដែនកំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កូរ៉េខាងត្បូង ហើយនេះជាការកែតម្រូវព័ត៌មានរបស់ខ្លួនដែលដំបូងឡើយបានរាយការណ៍ថាយន្ដហោះកូរ៉េខាងជើងបានបំពានចូលដែនអាកាសកូរ៉េខាងត្បូង។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ដោយផ្អែកលើប្រភពព័ត៌មានពីយោធាកូរ៉េខាងត្បូង Yonhap បានឱ្យដឹងថាយន្ដហោះយោធារុស្ស៉ីជាច្រើនគ្រឿង មិនមែនយន្ដហោះកូរ៉េខាងជើងនោះទេដែលបានហោះចូលក្នុងដែនកំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េខាងត្បូង (KADIZ) នៅពីលើតំបន់សមុទ្រខាងកើត។ ការកែតម្រូវព័ត៌មាននេះធ្វើឡើងបន្ទាប់ពី Yonhap ពីដំបូងឡើយបានរាយការណ៍ពីករណីសង្ស័យថាយន្ដហោះយោធារបស់កូរ៉េខាងជើងបានបំពានចូលដែនអាកាសកូរ៉េខាងត្បូង។ បើតាមយោធាកូរ៉េខាងត្បូង យន្ដហោះយោធារុស្ស៉ីបានហោះទៅក្បែរកោះ Ulleungdo បន្ទាប់មកបានហោះចូលតំបន់ KADIZ ជាហេតុជំរុញឱ្យអាជ្ញាធរកូរ៉េខាងត្បូងចេញសារព្រមានទៅកាន់ប្រជាជនក្នុងតំបន់ Ulleung ស្ថិតនៅឆ្នេរភាគខាងកើតនៃប្រទេស។

ចំណែក ក្រសួងមហាផ្ទៃ និងសុវត្ថិភាពរបស់កូរ៉េខាងត្បូងក៏បានបញ្ជូនសារព្រមានទៅកាន់ប្រជាជនរស់នៅលើកោះខាងលើផងដែរ ជាមួយការជំរុញឱ្យពួកគេរកកន្លែងជ្រកនៅតាមលេណដ្ឋាន ឬស្ថិតនៅខាងក្នុងអគារ។ ការព្រមាននេះត្រូវបានដកចេញវិញនៅម៉ោង ៧៖៥៨នាទីព្រឹក នៅថ្ងៃអង្គារនេះ ពោលគឺ ៥នាទីបន្ទាប់ពីត្រូវបានដាក់ចេញ។ នេះបើតាម Yonhap។

គួរបញ្ជាក់ថា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថាយន្ដហោះយោធារុស្ស៉ីមិនបានបំពានចូលដែនអាកាសរបស់កូរ៉េខាងត្បូងនោះទេ៕