Bama Tea (八马茶业) យីហោតែប្រណិតកម្រិតការទូតរបស់ចិន ដែលមានប្រវត្តិតាំងពីសម័យរាជវង្សឈានឡុង
23-11-2026 18:11
(សិនជិន)៖ Bama Tea (八马茶业) គឺជាយីហោតែ ប្រណិតកម្រិតការទូតរបស់ចិន ដែលមានប្រវត្តិតាំងពីសម័យរាជវង្សឈានឡុង ដែលឈ្មោះនេះត្រូវបានប្ររាជទានផ្ទាល់ពីអធិរាជ ឈានឡុង ក្នុងសតវត្សរ៍ទី ១៨។
ថ្មីៗនេះនៅក្នុងព្រឹត្តិការអមកិច្ចប្រជុំកំពូល APEAC កញ្ញា ថាន រស្មី អ្នកសម្របសម្រួលកិច្ចពិភាក្សា Fresh Talk នៃបណ្ដាញព័ត៌មាន Fresh News ត្រូវបានហាងតែដ៏ល្បីល្បាញ និងប្រណិតបំផុតមួយរបស់ប្រទេសចិន Bama Tea (八马茶业) អញ្ជើញជាភ្ញៀវកិត្តិយស រួមជាមួយអ្នកសារព័ត៌មានអន្តរជាតិផ្សេងទៀត ដើម្បីទស្សនាការបង្ហាញពីសិល្បៈនៃការឆុងតែតាមបែបប្រពៃណីចិន និងទទួលទានតែ ដោយផ្ទាល់នៅស្នាក់ការកណ្ដាលនៃ Bama Tea (八马茶业) ក្នុងទីក្រុងសិនជិន ប្រទេសចិន។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ Bama Tea គឺជាប្រភពដើមនៃតែដ៏ល្បីឈ្មោះ Tieguanyin ដែលត្រូវបានបង្កើតឡើងតាំងពីសតវត្សរ៍ទី ១៨ ក្នុងរជ្ជកាលអធិរាជ ឈានឡុង (Emperor Qianlong)។ តាមប្រវត្តិសាស្ត្រគ្រួសារស្ថាបនិក បុព្វបុរសត្រកូល Wang (Wang Shirang) ធ្លាប់បានថ្វាយតែ Tieguanyin នេះដល់អធិរាជ ឈានឡុង ហើយទទួលបានការកោតសរសើរ និងប្រទានឈ្មោះតែនេះដោយផ្ទាល់។
មិនត្រឹមតែមានប្រវត្តិសាស្ត្រដ៏យូរលង់នោះទេ យីហោរ Bama Tea (八马茶业) ត្រូវបានប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជ្រើសរើសប្រើប្រាស់ក្នុងពិធីការទូតកម្រិតកំពូល និងប្រគល់ជា «កាដូថ្នាក់ជាតិ» (National Gift) ក្នុងព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន។
យោងតាមគេហទំព័រផ្លូវការរបស់ Bama Tea ក្រុមហ៊ុនបានផ្គត់ផ្គង់តែសម្រាប់ទទួលថ្នាក់ដឹកនាំកំពូលក្នុងព្រឹត្តិការណ៍ធំៗដូចជា៖
- ឆ្នាំ២០១៧ (កិច្ចប្រជុំកំពូល BRICS)៖ ប្រើប្រាស់ជាតែផ្លូវការសម្រាប់ទទួលថ្នាក់ដឹកនាំប្រទេសសមាជិក BRICS (រួមមាន ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន, ប្រធានាធិបតីប្រេស៊ីល, អាហ្វ្រិកខាងត្បូង និងឥណ្ឌា) នៅទីក្រុងស៊ាមិន (Xiamen)។
- ឆ្នាំ២០១៨ (ជំនួបចិន-ឥណ្ឌា)៖ ប្រើប្រាស់ក្នុងជំនួបពិភាក្សាក្រៅផ្លូវការអមដោយការពិសាតែនៅបឹង East Lake (东湖茶叙) ទីក្រុងអ៊ូហាន រវាងលោកប្រធានាធិបតី ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ទ្រា ម៉ូឌី (Narendra Modi)។
- ឆ្នាំ២០១៩ (ជំនួបចិន-បារាំង)៖ ប្រើប្រាស់ក្នុងជំនួបពិសាតែនៅសួន Yuyuan (豫园茶叙) ទីក្រុងសៀងហៃ រវាងលោក ស៊ី ជីនពីង និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។
- ឆ្នាំ២០២៥ (កិច្ចប្រជុំកំពូល SCO)៖ ត្រូវបានជ្រើសរើសជាតែផ្លូវការសម្រាប់ទទួលប្រមុខរដ្ឋជាង ២០ ប្រទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងធានជីន (Tianjin)។
យោងតាមរបាយការណ៍ពីស្ថាប័នព័ត៌មាន CNR តែរបស់ Bama Tea ក៏ត្រូវបានជ្រើសរើសជាកាដូកិត្តិយសជូនថ្នាក់ដឹកនាំបរទេសដូចជា៖
- សាធារណរដ្ឋសាន់ម៉ារីណូ (ឆ្នាំ២០២៣)៖ តែប្រភេទ Sai Zhen Zhu Tieguanyin របស់ Bama Tea ត្រូវបានជ្រើសរើសជា «តែកាដូថ្នាក់ជាតិ» សម្រាប់ប្រគល់ជូនថ្នាក់ដឹកនាំប្រទេសសាន់ម៉ារីណូ។
- ព្រះរាជវង្សម៉ូណាកូ (ខែឧសភា ឆ្នាំ២០២៦)៖ ក្រុមហ៊ុនបានថ្វាយឈុតតែអនុស្សាវរីយ៍ទំនាក់ទំនងការទូតចិន-ម៉ូណាកូ ដល់ព្រះអង្គម្ចាស់ អាល់ប៊ែរទី ២ (Prince Albert II) នៃប្រទេសម៉ូណាកូ។
ពិតណាស់ការជ្រើសរើសយក «តែ» មកធ្វើជាស្ពានភ្ជាប់ទំនាក់ទំនងការទូតកម្រិតកំពូលរបស់ប្រទេសចិន បានឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងតម្លៃវប្បធម៌ដ៏វិសេសវិសាលជាច្រើន ព្រោះនៅក្នុងវប្បធម៌ចិន តែតំណាងឱ្យភាពសុខសាន្ត ការគោរព និងការយោគយល់គ្នា។ ការអង្គុយពិសាតែរួមគ្នា បង្ហាញពីសារនយោបាយថា ទោះបីជាប្រទេសនីមួយៗមានប្រព័ន្ធនយោបាយ ឬវប្បធម៌ខុសគ្នាក៏ដោយ ក៏អាចរួមរស់ និងសហការគ្នាដោយសន្តិវិធី ដូចជារសជាតិតែដែលផ្សំឡើងពីស្លឹកតែ និងទឹកក្ដៅ បង្កើតបានជាក្លិន និងរសជាតិដ៏ឈ្ងុយឆ្ងាញ់។
មិនតែប៉ុណ្ណោះ តែអាចបង្កើនបរិយាកាសស្និតស្នាល និងបន្ថយភាពតានតឹង ដែលខុសពីកិច្ចប្រជុំផ្លូវការនៅក្នុងសាលប្រជុំធំៗដែលមានលក្ខណៈតឹងរ៉ឹង ពិធីការពិសាតែ ច្រើនតែរៀបចំឡើងនៅតាមសួនច្បារបុរាណ ឬមាត់បឹង ដែលមានបរិយាកាសបរិសុទ្ធ ជាមួយធម្មតាជាតិ និងនឹករលឹកដល់អតីតកាលនៃមនុស្សជាតិ។ ដែលបរិយាកាសបែបនេះ អាវចជួយឱ្យថ្នាក់ដឹកនាំអាចជជែកពិភាក្សាគ្នាដោយត្រង់ទៅត្រង់មក ស៊ីជម្រៅ និងមានភាពស្និទ្ធស្នាលដូចជាមិត្តភក្តិ។
ជាងនេះទៅទៀតតាមទំនៀមទម្លាប់ចិនតាំងពីបុរាណកាល «ការឆុងតែទទួលភ្ញៀវ» គឺជាការសម្ដែងនូវការគោរព និងការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត។ ការប្រើប្រាស់តែកម្រិតប្រណិត និងឈុតឧបករណ៍ឆុងតែ ដែលផលិតឡើងដោយសិប្បកម្មប្រពៃណី គឺជាការផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដល់ភ្ញៀវកិត្តិយសអន្តរជាតិ។
តាមរយៈពិធីការនេះ ចិនមិនត្រឹមតែបង្ហាញពីគុណភាពផលិតផលតែរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពិភពលោកឱ្យស្គាល់ពីសិល្បៈនៃការឆុងតែ សិល្បៈសេរ៉ាមិច (ប៉សឺឡែន) នៃឧបករណ៍ឆុងតែ និងប្រវត្តិសាស្ត្រដ៏ចំណាស់រាប់ពាន់ឆ្នាំរបស់ចិនផងដែរ៕













