អ៉ីរ៉ង់សន្យាថានឹងប្រើគ្រប់មធ្យោបាយដែលខ្លួនមាន ដើម្បីបំបែកការបិទខ្ទប់របស់សហរដ្ឋអាមេរិក
23-11-2026 16:56
(ឌូបៃ)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថាអ៉ីរ៉ង់នឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដែលខ្លួនមាន ដើម្បីបំបែកការបិទខ្ទប់ពីសំណាក់កងទ័ពជើងទឹកអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការកត់សម្គាល់បែបនេះរបស់លោក Esmaeil Baghaei ធ្វើឡើងអំឡុងសន្និសីទសារព័ត៌មានប្រចាំសប្ដាហ៍ នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់រូបនេះបានគូសបញ្ជាក់ដូច្នេះថា «អ្វីដែលកំពុងត្រូវបានជជែកអំពី ដូចជាការបិទខ្ទប់សេដ្ឋកិច្ច និងការបិទខ្ទប់ដែនសមុទ្រ ហើយដែលទង្វើទាំងអស់នេះគឺជាសកម្មភាពឈ្លានពានយោធាប្រឆាំងអ៉ីរ៉ង់»។ លោកបន្តថាអ៉ីរ៉ង់នឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដែលខ្លួនមានដើម្បីទម្លុះការបិទខ្ទប់របស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានអនុវត្តការបិទខ្ទប់ដើម្បីរារាំងមិនឱ្យអ៉ីរ៉ង់នាំចេញប្រេង កាលពីថ្ងៃទី១៣ ខែមេសា ហើយបានដកវិញនៅខែមិថុនា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានឈានដល់សេចក្ដីព្រាងនៃអនុស្សារណៈយោគយល់មួយជាមួយតេហេរ៉ង់។ ប៉ុន្តែការបិទខ្ទប់ត្រូវបានអនុវត្តសាជាថ្មីកាលពីថ្ងៃទី១៤ ខែកក្កដា ក្រោយអនុស្សារណៈនេះដួលរលំ។
យោធាអាមេរិកបានរឹតបន្តឹងការបិទខ្ទប់របស់ខ្លួនប្រឆាំងនឹងអ៉ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះជាមួយការព្រមានថាកប៉ាល់ណាដែលហ៊ានទទួលការផ្ទេរប្រេងពីកប៉ាល់ដឹកប្រេងអ៉ីរ៉ង់ អាចប្រឈមមុខនឹងវិធានការយោធា៕
