FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ុយក្រែន៖ ការវាយប្រហាររបស់រុស្ស៉ីសម្លាប់មនុស្ស ១៥នាក់ ក្នុងតំបន់រដ្ឋធានីកៀវ

23-11-2026 15:57

(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអះអាងថាការវាយប្រហាររបស់រុស្ស៉ីលើតំបន់រដ្ឋធានីកៀវ បានសម្លាប់មនុស្សយ៉ាងហោច ១៥នាក់ និងបណ្ដាលឱ្យផ្នែកខ្លះនៃអគារមួយចំនួនបាករលំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការវាយប្រហាររបស់រុស្ស៉ីកើតមានឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីនបានសន្យាកាលពីសប្ដាហ៍មុនថានឹងធ្វើការឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើស្ពានគ្រីមៀរបស់រុស្ស៉ី បន្ទាប់ពីរូបលោកបានបិទបញ្ចប់កិច្ចប្រជុំត្រីភាគីជាមួយលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង។ តាមក្រុមមន្ត្រីអ៊ុយក្រែន ការវាយប្រហារលើតំបន់ Dymer ស្ថិតនៅចម្ងាយប្រហែល ៤៥គីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានីកៀវ បានធ្លាក់ចំអគារមួយកម្ពស់៥ជាន់ដោយបានសម្លាប់មនុស្សយ៉ាងហោច ១១នាក់។

ព្រមពេលជាមួយគ្នា ការវាយប្រហារមួយផ្សេងទៀតរបស់រុស្ស៉ីលើផ្សារទំនើបមួយកន្លែងក៏បានសម្លាប់មនុស្ស ៣នាក់ផងដែរ ខណៈមនុស្ស ១៥នាក់ផ្សេងទៀតរងរបួសក្នុងតំបន់ Vyshneve។ ចំណែក មនុស្សម្នាក់ទៀតបានស្លាប់ក្នុងការវាយប្រហារដែលធ្លាក់ចំផ្ទះមួយខ្នង ក្នុងតំបន់ Bila Tserkva។

គួរបញ្ជាក់ថា លោក ពូទីន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានសន្យាថារុស្ស៉ីនឹងឆ្លើយតបវិញទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនលើស្ពានគ្រីមៀ ដែលជានិមិត្តរូបមួយនៃការបញ្ចូលតំបន់គ្រីមៀជាផ្នែកមួយនៃទឹកដីរុស្ស៉ី។ អ៊ុយក្រែនបានវាយប្រហារលើស្ពាននេះចំនួន ៣លើក ក្នុងរយៈពេលមួយសប្ដាហ៍៕