FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងត្បូង តែងតាំងរដ្ឋមន្ត្រីការបរទេសថ្មី រដ្ឋមន្ត្រីបង្រួបបង្រួមជាតិ និងប្រមុខចារកម្ម

23-11-2026 15:02

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរុះរើគណៈរដ្ឋមន្ត្រីរបស់លោកក្នុងនោះរួមមានតំណែងសំខាន់ៗទាំង៣ខាងសន្តិសុខជាតិ ដូចជាប្រមុខចារកម្ម រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិ នៅចំពោះមុខការអំពាវនាវឱ្យមានការគ្រប់គ្រងឱ្យបានល្អប្រសើរនូវសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Lee Jae Myung បានតែងតាំងអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី Kang Kum-sil ជានាយកថ្មីនៃសេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS) ដែលនេះបានធ្វើឱ្យលោកស្រីក្លាយជាស្ត្រីដំបូងគេបំផុតដែលបានកាន់តំណែងជាប្រមុខចារកម្មរបស់កូរ៉េខាងត្បូង។ លោក Lee ក៏បានតែងតាំងផងដែរអ្នកការទូតអាជីពម្នាក់ និងបច្ចុប្បន្នជាទីប្រឹក្សារងសន្តិសុខជាតិ លោក Lim Woong-soon ជារដ្ឋមន្ត្រីការបរទេសថ្មី ខណៈអតីតសមាជិករដ្ឋសភា លោក Hong Ik-pyo ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិដែលទទួលខុសត្រូវលើទំនាក់ទំនងជាមួយកូរ៉េខាងជើង។

លោកស្រី Kang Kum-sil និងលោក Lim Woong-soon ត្រូវបានរំពឹងថានឹងដឹកនាំកិច្ចប្រឹងប្រែងស្ដារទំនាក់ទំនងសន្តិសុខឡើងវិញជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីសហរដ្ឋអាមេរិកផ្អាកមួយផ្នែកនៃការចែករំលែកព័ត៌មានរសើប បន្ទាប់ពីអតីតប្រមុខចារកម្មកូរ៉េខាងត្បូង បានបង្ហើបពីទីតាំងនុយក្លេអ៊ែរកូរ៉េខាងជើងដែលគេពុំធ្លាប់បានដឹងកន្លងមក។ លោកស្រី Kang ធ្លាប់ជាស្ត្រីដំបូងរបស់កូរ៉េខាងត្បូងដែលបានកាន់តំណែងជារដ្ឋមន្ត្រីយុត្តិធម៌ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៤ នៅក្រោមរដ្ឋបាលលោកអតីតប្រធានាធិបតី Roh Moo-hyun។

គួរបញ្ជាក់ថា លោក Lee Jae Myung ដែលបានឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងកាលពីខែមិថុនា ឆ្នាំ២០២៥ នៅថ្ងៃចន្ទនេះក៏បានតែងតាំងរដ្ឋមន្ត្រីវប្បធម៌ និងក្រសួងមហាផ្ទៃ និងសុវត្ថិភាពថ្មីរបស់កូរ៉េខាងត្បូងផងដែរ៕