ប្រធានាធិបតីឥណ្ឌូណេស៊ី នឹងតែងតាំងបេក្ខជនសម្រាប់តំណែងអនុប្រធានាធិបតី (Video inside)
23-11-2026 13:46
(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto នឹងបញ្ជូនទៅឱ្យរដ្ឋសភានូវឈ្មោះបេក្ខជន២នាក់សម្រាប់តំណែងជាអនុប្រធានាធិបតី យ៉ាងយូរបំផុតនៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការតែងតាំងបេក្ខជនអនុប្រធានាធិបតី ធ្វើឡើងបន្ទាប់ពីលោក Gibran Rakabuming Raka ដែលជាកូនប្រុសបង្កើតរបស់អតីតប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo លាលែងពីតំណែងជាអនុប្រធានាធិបតី បន្ទាប់ពីរងសម្ពាធជាច្រើនសប្ដាហ៍ពាក់ព័ន្ធនឹងសំណុំរឿងផ្លូវច្បាប់ជុំវិញថាតើលោក Gibran មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីកាន់តំណែងជាអនុប្រធានាធិបតីដែរ ឬក៏យ៉ាងណា?
តំណែងជាអនុប្រធានាធិបតីនៅក្នុងប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេមើលឃើញថាជាតំណែងពិធីការមួយ ដោយលោក Gibran មានតួនាទីតិចតួចប៉ុណ្ណោះក្នុងការចូលរួមនៅក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាល។ ក្រុមអ្នកវិភាគបាននិយាយថាខណៈលោក Prabowo កំពុងប្រឈមមុខនឹងអត្រាគាំទ្រធ្លាក់ចុះដោយសារតែការព្រួយបារម្ភសេដ្ឋកិច្ច និងគោលនយោបាយមួយចំនួនរបស់លោក ការជ្រើសរើសមនុស្សម្នាក់មកបំពេញតំណែងជាអនុប្រធានាធិបតី អាចនឹងក្លាយជាសូចនាករដ៏សំខាន់មួយនៃយុទ្ធសាស្ត្រនយោបាយឆ្ពោះទៅមុខរបស់លោក។
គួរបញ្ជាក់ថា ដោយផ្អែកលើការស្រង់សម្ដីពីអនុប្រធានរដ្ឋសភា លោក Sohibul Iman ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណេស៊ីបានរាយការណ៍ថាលោក Prabowo មានគម្រោងបង្ហាញវត្តមាននៅឯរដ្ឋសភាដើម្បីដាក់ឈ្មោះបេក្ខជន ២រូបសម្រាប់តំណែងជាអនុប្រធានាធិបតី។ តែភ្លាមៗគេមិនទាន់ដឹងពីឈ្មោះរបស់បេក្ខជនទាំង២រូបនៅឡើយទេ៕
