FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មីស៊ីល ៣គ្រាប់របស់រុស្ស៉ីហោះចូលដែនអាកាសប៉ូឡូញ, នេះជាការអះអាងរបស់ក្រុមមន្រ្តីប៉ូឡូញ (Video inside)

23-11-2026 11:49

(វ៉ាសូវី)៖ ក្រុមមន្ត្រីប៉ូឡូញ នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថាវត្ថុចំនួន៣ ដែលបានហោះចូលក្នុងដែនអាកាសរបស់ ប៉ូឡូញ កាលពីថ្ងៃសុក្រសប្ដាហ៍មុនគឺជាមីស៊ីល Kh-101 របស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

ដ្រូនត្រូវបានរាយការណ៍ថាបានហោះវង្វេងផ្លូវចូលទៅក្នុងដែនអាកាសនៃបណ្ដាប្រទេសមួយចំនួនជាសមាជិក NATO ក្នុងតំបន់អឺរ៉ុបខាងកើត អំឡុងសង្រ្គាមរុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែនដែលនេះបាន និងកំពុងដុតបញ្ឆេះភាពតានតឹងរវាងមូស្គូ និងបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ចំពោះមុខការព្រួយបារម្ភពីការផ្ទុះរាលដាលសង្រ្គាមកាន់តែធំ។

តាមក្រុមមន្ត្រីប៉ូឡូញ លទ្ធផលបឋមនៃការស៊ើបអង្កេត និងការត្រួតពិនិត្យលើបំណែកនៃមីស៊ីលដែលបានហោះចូលដែនអាកាសប៉ូឡូញ មុននឹងធ្លាក់ បានមីស៊ីលទាំងនោះត្រូវបានផលិតឡើងក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៦ នៅឯរោងចក្រក្នុងតំបន់ Dubna នៃរដ្ឋធានីមូស្គូ ប្រទេសរុស្ស៉ី។

គួរបញ្ជាក់ថា មុនការចេញលទ្ធផលស៊ើបអង្កេតបឋម ក្រុមមន្ត្រីប៉ូឡូញបាននិយាយថាវត្ថុមួយក្នុងចំណោមវត្ថុទាំង៣ខាងលើ គឺទំនងជាដ្រូនមួយគ្រឿង។ ក្រោយឧប្បដិហេតុនេះកើតឡើង ប្រមុខ NATO លោក Mark Rutte បានសន្យាកាលថ្ងៃសៅរ៍ថា NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ។ កិច្ចប្រជុំមួយរបស់ NATO នឹងត្រូវធ្វើឡើងក្នុងទីក្រុងព្រុចសែល នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ដើម្បីពិភាក្សាពីការបំពានលើដែនអាកាសប៉ូឡូញ៕