UN អំពាវនាវឱ្យមានការស៊ើបអង្កេត ក្រោយកប៉ាល់រុស្ស៉ីរងការវាយប្រហារនៅលីប៊ី (Video inside)
23-11-2026 10:52
(ទ្រីប៉ូលី)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអំពាវនាវឱ្យមានការសើបអង្កេតដោយឯករាជ្យលើការវាយប្រហារដោយដ្រូនលើកប៉ាល់២គ្រឿង នៅឆ្នេរសមុទ្រនៃប្រទេសលីប៊ី ក្នុងនោះរួមមានទាំងកប៉ាល់មួយគ្រឿងរបស់រុស្ស៉ី នៅចំពោះមុខការសង្ស័យថាការវាយប្រហារនេះអាចជាផលវិបាកមួយកើតចេញពីសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ភ្លាមៗ មិនមានការអះអាងទទួលខុសត្រូវលើការវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនោះទេ នៅឯឆ្នេរនៃទីក្រុងកំពង់ផែ Benghazi។ ប៉ុន្តែការវាយប្រហារនេះកើតឡើងចំពេលអ៊ុយក្រែនកំពុងបង្កើនការវាយប្រហារប្រឆាំងនឹងរុស្ស៉ីហួសពីតំបន់សមរភូមិមុខ។ ជុំវិញបញ្ហានេះដែរ បេសកកម្ម UN ក្នុងប្រទេសលីប៊ីបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ជាមួយការអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ និងតម្លារភាព។ «លីប៊ីមិនអាចទ្រាំទ្រ ហើយមិនត្រូវក្លាយជាសមរភូមិមួយសម្រាប់ជម្លោះនៅបរទេសនោះឡើយ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់បេសកកម្ម UN ប្រចាំលីប៊ី ហៅកាត់ថា UNSMIL ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរលីប៊ី ក្រុមនាវិកទាំងអស់នៅលើកប៉ាល់ត្រូវបានជួយសង្រ្គោះ និងកំពុងទទួលការព្យាបាលក្រោយរងរបួសស្រាល ក្នុងការវាយប្រហារដោយដ្រូនលើកប៉ាល់រុស្ស៉ី។ ចំណែក កប៉ាល់មួយគ្រឿងផ្សេងទៀតនៅតែមិនទាន់មានការបញ្ជាក់ថាតើកប៉ាល់នេះមកពីណានៅឡើយទេ។ ការវាយប្រហារនេះដែរកើតមានឡើងបន្ទាប់ពីដ្រូនមួយគ្រឿងបានវាយប្រហារលើកប៉ាល់ដឹកទំនិញមួយគ្រឿងរបស់រុស្ស៉ីនៅឯតំបន់សមុទ្របាល់ទិកស្ថិតនកៀកដែនទឹកនៃប្រទេសហ្វាំងឡង់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ៕
