នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន (Video inside)
23-11-2026 10:17
(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារស៊ើបការណ៍អាមេរិក លោក Jay Clayton បាននិយាយថាប្រធានាធិបតីរុស្ស៉ី លោក វ៉ា្លឌីមៀ ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ នៅពេលនិយាយដល់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្មានថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រើប្រាស់ភាសាទន់ភ្លន់ដោយហៅលោក ពូទីនថាជាមិត្តរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី This Week នៃទូរទស្សន៍ ABC News កាលពីថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក Jay Clayton បានគូសបញ្ជាក់ដូច្នេះថា «លោក (ពូទីន) មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិក នៅអ៊ុយក្រែននោះទេ»។ នៅពេលត្រូវបានសាកសួរពីភាសាទន់ភ្លន់របស់លោក ត្រាំ ដែលបានហៅលោក ពូទីនថាជាមិត្តរបស់លោកនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិករូបនេះក៏បានបញ្ជាក់ដែរថាការប្រើប្រាស់ភាសាថាមិត្តគឺជារឿងសមស្របក្នុងបរិបទនៃកិច្ចពិភាក្សារវាងមេដឹកនាំមហាអំណាចនុយក្លេអ៊ែរទាំង៣ នោះគឺ សហរដ្ឋអាមេរិក ចិន និងរុស្ស៉ី នៅឯជំនួបត្រីភាគីដ៏កម្រមួយក្នុងប្រទេសចិន។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ក៏បានការពារផងដែរចំពោះការហៅលោក ពូទីនថាជាមិត្ត ដោយនិយាយថាវាជារឿងល្អដែលគេមានមនុស្សម្នាក់ដែលមានអាវុធនុយក្លេអ៊ែរជាង ៤០០០គ្រាប់ជាមិត្ត ប្រសើរជាងជាសត្រូវ។ ប៉ុន្តែនៅពេលត្រូវបានសាកសួរជាថ្មីពីបញ្ហានេះកាលពីថ្ងៃសុក្រ លោក ត្រាំ បានបដិសេធក្នុងការនិយាយថាតើលោក ពូទីន គឺជាមិត្តរបស់សហរដ្ឋអាមេរិកឬក៏យ៉ាងណានោះទេ ខណៈការហៅមេដឹកនាំរុស្ស៉ីថាជាមិត្តបានបង្កឱ្យមានការរិះគន់ពីសំណាក់សម្ព័ន្ធមិត្តក្នុងតំបន់អឺរ៉ុប ជាពិសេសគឺអ៊ុយក្រែន៕

