អ៉ីរ៉ង់សម្ញែងប្រព័ន្ធបាញ់មីស៊ីលចេញម្ដង ២គ្រាប់ ខណៈមេបញ្ជាការអួតពីសមត្ថភាពធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិក (Video inside)

23-11-2026 10:02

(តេហេរ៉ង់)៖ អ៉ីរ៉ង់បានបញ្ចេញប្រព័ន្ធជើងទម្របាញ់មីស៊ីលស៊េរីថ្មីមួយ ខណៈមេបញ្ជាការយោធាជាន់ខ្ពស់របស់អ៉ីរ៉ង់បានអួតពីសមត្ថភាពយោធាក្នុងការធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីរាយការណ៍មួយកាលពីចុងសប្ដាហ៍កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់បានបញ្ចេញជាលើកដំបូងនូវរូបភាពនៃប្រព័ន្ធបាញ់មីស៊ីលចេញម្ដង២គ្រាប់ក្នុងពេលតែមួយ អមជាមួយរូបភាពបង្ហាញពីវត្តមានប្រមុខកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក Ahmad Vahidi និងប្រមុខកងកម្លាំងទ័ពអាកាសនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក Majid Mousavi ចុះត្រួតពិនិត្យនៅឯមូលដ្ឋានមីស៊ីលក្រោមដីមួយកន្លែង។

មេបញ្ជាការអ៉ីរ៉ង់ទាំង២រូបបានបង្ហាញខ្លួនដោយឡើងជិះក្នុងរថយន្ដមួយគ្រឿងធ្វើដំណើរកាត់តាមផ្លូវរូងក្រោមដីមួយកន្លែងដែលមានស្ដុកទៅដោយគ្រាប់មីស៊ីល ប្រព័ន្ធជើងទម្របាញ់មីស៊ីល និងបរិក្ខារយោធាជាច្រើនផ្សេងទៀត។ «ការខូចខាតដែលសត្រូវរបស់យើងបានទទួលរងកន្លងមកនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ហើយយើងនឹងបានឃើញភាពអាម៉ាសរបស់ពួកគេ»។ នេះជាការលើកឡើងរបស់លោក Vahidi។ ព្រមពេលជាមួយគ្នា លោក Mousavi ក៏បានកត់សម្គាល់ដែរថាសមត្ថភាពរបស់អ៉ីរ៉ង់បានកើនឡើងក្នុងជម្លោះចុងក្រោយទាំង២លើកមកនេះ ហើយថាសមត្ថភាពខ្ពស់នៃប្រព័ន្ធអាវុធរបស់អ៉ីរ៉ង់អាចធ្វើឱ្យសត្រូវភិតភ័យ។

គួរបញ្ជាក់ថា អំឡុងសង្រ្គាមជាមួយអ៉ីរ៉ង់ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានវាយប្រហារលើឃ្លាំងស្ដុកមីស៊ីល និងទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ បើទោះជាវិសាលភាព ឬទំហំនៃការខូចខាត មិនទាន់ត្រូវបានកំណត់ឱ្យច្បាស់ក៏ដោយ។ កាលពីដើមខែវិច្ឆិកា អ៉ីរ៉ង់ក៏បានបង្ហាញមូលដ្ឋានមីស៊ីលក្រោមដីថ្មីមួយផងដែរដែលមានស្ដុកទៅដោយមីស៊ីលបាលិស្ទីគ មីស៊ីលគ្រូស រួមទាំង ប្រព័ន្ធជើងទម្របាញ់មីស៊ីល៕