FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

WSJ ទម្លាយពី «Li Ming»៖ ដៃគូជិតស្និទ្ធរបស់ Alice Huang ដែលត្រូវចោទថាកសាងបណ្តាញបង្វែរឈីប Nvidia ទៅចិន

23-11-2026 07:56

(ញូវយ៉ក)៖ របាយការណ៍ស៊ើបអង្កេតថ្មីពី The Wall Street Journal (WSJ) បានលាតត្រដាងឈ្មោះបុគ្គលសំខាន់ម្នាក់ទៀតគឺ Li Ming (ពលរដ្ឋចិនវ័យ ៥២ ឆ្នាំ) ដែលត្រូវបានចោទប្រកាន់ថាជាអ្នកនៅពីក្រោយការកសាងបណ្តាញក្រុមហ៊ុន ដើម្បីបង្វែរ និងបញ្ជូនម៉ាស៊ីនមេបំពាក់បន្ទះឈីប AI របស់ក្រុមហ៊ុន Nvidia ទៅកាន់ប្រទេសចិន ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយ Alice Huang និងស្វាមីរបស់នាងគឺ Kang Wei។

យោងតាមឯកសារចុះបញ្ជីក្រុមហ៊ុននៅចិនដែល WSJ ដកស្រង់ លោកស្រី Alice Huang និងលោក Kang Wei បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមផ្នែក Cloud Computing ឈ្មោះ Century Longteng កាលពីឆ្នាំ ២០២១ ហើយរូបថតនៅលើបណ្តាញសង្គមកាលពីខែមករា ឆ្នាំ ២០២៣ បង្ហាញថា Li Ming ត្រូវបានពិពណ៌នាថាជាប្រធានផ្នែកយុទ្ធសាស្ត្រ (Chief Strategy Officer) របស់ក្រុមហ៊ុននេះ។

Li Ming, Alice Huang និង Kang Wei បានកសាងបណ្តាញដៃគូនៅអាស៊ីអាគ្នេយ៍ ដើម្បីប្រព័ន្ធកុំព្យូទ័រ ឬម៉ាស៊ីនមេ ដល់អតិថិជនចិន។ ពួកគេបានទិញយកផ្នែកប្រតិបត្តិការនៅសិង្ហបុរីរបស់ក្រុមហ៊ុនហ្គេមចិនមួយ ហើយប្តូរឈ្មោះទៅជា Megaspeed ដោយមាន Alice Huang ចុះឈ្មោះជានាយក។ បន្ទាប់ពីប្រាប់ Nvidia ថា ក្រុមហ៊ុនយក្សចិន Alibaba ជាអតិថិជនគោល ហើយ Megaspeed បានចូលរួមក្នុងកម្មវិធីដៃគូ Cloud របស់ Nvidia នៅខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលផ្តល់សិទ្ធិអាទិភាពក្នុងការទិញឈីប Nvidia ជំនាន់ថ្មីៗ។

ក្រុមហ៊ុនបាននាំចូលម៉ាស៊ីនមេទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីផ្តល់សេវាក្រៅប្រទេសដោយស្របច្បាប់ដល់ Alibaba ប៉ុន្តែម៉ាស៊ីនមេមួយចំនួនត្រូវបានរាយការណ៍ថាបានបញ្ជូនបន្តទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យានៅទីក្រុងសៀងហៃឈ្មោះ Century Litong ដែលរំលោភលើការគ្រប់គ្រងការនាំចេញរបស់អាមេរិក។ ឯកសារចុះបញ្ជីក្រុមហ៊ុនបង្ហាញថា Century Longteng ធ្លាប់ជាម្ចាស់ភាគហ៊ុនសំខាន់មួយនៅក្នុង Century Litong រហូតដល់ឆ្នាំ ២០២៤។

នៅខែកុម្ភៈ ឆ្នាំ ២០២៥ អយ្យការសិង្ហបុរីបានចោទប្រកាន់ Li Ming និងបុគ្គលផ្សេងទៀតពីបទក្លែងបន្លំពាក់ព័ន្ធនឹងការដឹកជញ្ជូនបន្ត ម៉ាស៊ីនមេបំពាក់ឈីប Nvidia ដោយចោទថា Li Ming បានទិញម៉ាស៊ីនមេ និងផ្តល់ព័ត៌មានបំភាន់អ្នកផ្គត់ផ្គង់អាមេរិកថាគ្រឿងបរិក្ខារទាំងនោះសម្រាប់ក្រុមហ៊ុនរបស់ខ្លួននៅសិង្ហបុរី ប៉ុន្តែបែរជាត្រូវបានដឹកទៅម៉ាឡេស៊ី មុននឹងបញ្ជូនបន្តទៅទិសដៅទីបីដែលមិនត្រូវបានបញ្ជាក់។ បច្ចុប្បន្ន Li Ming កំពុងស្ថិតនៅក្រៅឃុំដោយការធានាខ្លួននៅសិង្ហបុរី ខណៈសំណុំរឿងព្រហ្មទណ្ឌកំពុងបន្ត។ មេធាវីរបស់ Li Ming បានបដិសេធមិនធ្វើអត្ថាធិប្បាយទៅកាន់ WSJ ហើយការចោទប្រកាន់មិនទាន់ត្រូវបានកំណត់កំហុសនៅតុលាការនៅឡើយទេ។

នៅខែមិថុនា ឆ្នាំ ២០២៥ Nvidia បានដាក់ Megaspeed ចូលក្នុងបញ្ជីផ្ទៃក្នុង «ហាមលក់» ចំពេលដែលអាមេរិក និងសិង្ហបុរីកំពុងស៊ើបអង្កេតក្រុមហ៊ុននេះ។ Megaspeed បានអះអាងថាក្រុមហ៊ុនប្រតិបត្តិការស្របច្បាប់ និងបានបញ្ជាក់ថា Alice Huang បានចាកចេញពីក្រុមហ៊ុននៅខែសីហា ឆ្នាំ ២០២៥។ អាជ្ញាធរសិង្ហបុរីបានបញ្ជាក់ថា បន្ទាប់ពីសាកសួរ Alice Huang ជុំវិញការសង្ស័យរត់ពន្ធឈីប ពួកគេបានអនុញ្ញាតឱ្យនាងចាកចេញពីប្រទេស ប៉ុន្តែហាមឃាត់មិនឱ្យចូលវិញ។

ក្រោយការចាកចេញរបស់ Alice Huang សកម្មភាពរបស់ Megaspeed នៅសិង្ហបុរីបានស្ងប់ស្ងាត់ ខណៈបុគ្គលិកមួយចំនួនបានផ្លាស់ទៅធ្វើការនៅក្រុមហ៊ុនថ្មីឈ្មោះ NovaGate Cloud។ ឯកសារដឹកជញ្ជូនដែល WSJ ពិនិត្យឃើញបង្ហាញថា NovaGate Cloud បានទទួលគ្រឿងបរិក្ខារបំពាក់បច្ចេកវិទ្យា Nvidia យ៉ាងហោចណាស់ ៣០០ លានដុល្លារ តាមរយៈអង្គភាពមួយនៅម៉ាឡេស៊ី ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៦៕