FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សេឡេនស្គី៖ មនុស្សយ៉ាងតិច ១៤នាក់កំពុងបាត់ខ្លួន ក្រោយដ្រូនរុស្ស៊ីវាយប្រហារអគារស្នាក់នៅមួយកន្លែងក្នុងតំបន់កៀវ

22-11-2026 20:08

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) បានឱ្យដឹងថា មនុស្សយ៉ាងតិច ១៤នាក់ អាចកំពុងជាប់នៅក្រោមគំនរបាក់បែកនៃអគារស្នាក់នៅមួយកន្លែង ដែលរងការវាយប្រហារដោយដ្រូន របស់រុស្ស៊ី កាលពីព្រឹកថ្ងៃអាទិត្យ នៅក្នុងតំបន់កៀវ ប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក ហ្សេឡេនស្គី បានបង្ហោះសារលើបណ្តាញសង្គម X ថា «ផ្នែកមួយនៃអគារស្នាក់នៅកម្ពស់ ៥ជាន់ បានបាក់រលំបន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់រុស្ស៊ី។ ខ្ញុំសូមអរគុណដល់ក្រុមសង្គ្រោះបឋមរបស់យើងដែលបានអន្តរាគមន៍យ៉ាងឆាប់រហ័ស ដោយជម្លៀសមនុស្ស ៩នាក់ចេញរួចហើយ និងទប់ស្កាត់អគ្គិភ័យបានទាន់ពេលវេលា»។ ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថា មានមនុស្សចំនួន ២នាក់ រួមទាំងក្មេងជំទង់ម្នាក់ផង បានរងរបួស ខណៈវីដេអូរបស់សេវាសង្គ្រោះបន្ទាន់បានបង្ហាញពីសកម្មភាពក្រុមសង្គ្រោះកំពុងរុករកតាមគំនរបាក់បែកដ៏ធំ និងជួយជម្លៀសអ្នកស្រុកចុះពីអគារដែលរងការខូចខាតតាមរយៈជណ្តើរ និងរថយន្តស្ទូច។

គួរបញ្ជាក់ថា ការវាយប្រហារលើអគារស្នាក់នៅក្នុងស្រុកវីសហ្គោរ៉ូដ (Vyshhorod) តំបន់កៀវនេះ កើតឡើងស្របពេលដែលរុស្ស៊ីបន្តបង្កើនការវាយប្រហារតាមផ្លូវអាកាសដោយប្រើប្រាស់ដ្រូន និងមីស៊ីលជាបន្តបន្ទាប់លើរដ្ឋធានី និងតំបន់ជុំវិញនាចុងសប្តាហ៍នេះ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃសុក្រកន្លងទៅបានសម្លាប់មនុស្ស ៧នាក់នៅទីក្រុងកៀវផងដែរ៕