FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យោធាអាមេរិកទាត់ចោលការអះអាងរបស់អ៉ីរ៉ង់ថាបាញ់មីស៊ីលត្រូវយន្ដហោះចម្បាំង F-16 នៅលើតំបន់ឈូងសមុទ្រពែក្ស

22-11-2026 16:04

(វ៉ាស៊ីនតោន)៖ ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CENTCOM នៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានច្រានចោលការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ដែលថាកងកម្លាំងរបស់ខ្លួនបានបាញ់មីស៊ីលមួយគ្រាប់លើយន្ដហោះចម្បាំងអាមេរិក F-16 មួយគ្រឿងនៅលើតំបន់ឈូងសមុទ្រពែក្ស ដោយបង្កការខូចខាត និងបង្ខំឱ្យយន្ដហោះនេះត្រូវចុះចតជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ថាប្រព័ន្ធការពារដែនអាកាសរបស់អ៉ីរ៉ង់បានកំណត់គោលដៅលើយន្ដហោះចម្បាំងអាមេរិកខាងលើកាលពីល្ងាចថ្ងៃសុក្រកន្លងទៅនេះ ដោយបានបំផ្លាញបេសកកម្មរបស់យន្ដហោះចម្បាំងនេះដែលត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋានមួយ។ ក៏ប៉ុន្តែ CENTCOM បានអះអាងថាមិនមានការវាយប្រហារណាមួយរបស់អ៉ីរ៉ង់លើយន្ដហោះចម្បាំងអាមេរិក F-16 នោះទេ កាលពីថ្ងៃសុក្រ ហើយថាគ្រប់យន្ដហោះយោធាអាមេរិកទាំងអស់ក្នុងតំបន់មជ្ឈិមបូព៌ាមានសុវត្ថិភាព និងមិនមានការបាត់បង់នោះឡើយ។

គួរបញ្ជាក់ថា កន្លងមក អ៉ីរ៉ង់ក៏ធ្លាប់បានអះអាងផងដែរពីការបាញ់ទម្លាក់ ឬបង្កការខូចខាតដល់យន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិកអំឡុងសង្រ្គាម។ តែសហរដ្ឋអាមេរិកបានទាត់ចោលការអះអាងបែបនេះពីតេហេរ៉ង់។ សង្រ្គាមអ៉ីរ៉ង់បានផ្ទុះឡើងនៅពេលសហរដ្ឋអាមេរិក និងអ៉ីស្រាអែល បើកការវាយប្រហារលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦៕