FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋាភិបាលគាំទ្រដោយយោធាមីយ៉ាន់ម៉ា ហៅការសម្រេចចិត្តរបស់អាស៊ាន មិនយុត្តិធម៌ និងលម្អៀង

22-11-2026 13:38

(Reuters)៖ រដ្ឋាភិបាលគាំទ្រដោយកងទ័ពរបស់មីយ៉ាន់ម៉ា នៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានហៅការសម្រេចចិត្តរបស់អាស៊ានមិនមានភាពយុត្តិធម៌ និងលម្អៀង ហើយចោទប្រកាន់ថាប្លុកអាស៊ីអាគ្នេយ៍មួយនេះបានប្រព្រឹត្តចំពោះខ្លួនដោយការរើសអើង តាមរយៈការបដិសេធការចូលរួមរបស់អ្នកតំណាងមីយ៉ាន់ម៉ាចូលរួមក្នុងកិច្ចប្រជុំកំពូលជាច្រើនឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រតិកម្មរបស់ក្រសួងការបរទេសមីយ៉ាន់ម៉ា ធ្វើឡើងបន្ទាប់ពីបណ្ដាមេដឹកនាំអាស៊ានបានលើកឡើងនៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថាពួកគេនឹងអនុញ្ញាតបន្តិចម្ដងៗឱ្យអ្នកតំណាងមីយ៉ាន់ម៉ាចូលរួមប្រជុំឡើងវិញ ប្រសិនបើមានភាពរីកចម្រើនពាក់ព័ន្ធនឹងការអនុវត្តផែនការសន្តិភាពកុងសង់ស៊ីស៥ចំណុចដែល ត្រូវបានដាក់ចេញដោយអាស៊ានដើម្បីឈានទៅរកការបិទបញ្ចប់សង្រ្គាមស៊ីវិលសព្វថ្ងៃនៅមីយ៉ាន់ម៉ា។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសមីយ៉ាន់ម៉ាបាននិយាយថាការសម្រេចចិត្តរបស់អាស៊ាននៅឯកិច្ចប្រជុំអាស៊ាន ក្នុងទីក្រុងម៉ានីល មិនបានឆ្លុះបញ្ចាំងយ៉ាងសមស្របទៅនឹងវិធានការជាវិជ្ជមានដែលខាងរដ្ឋាភិបាលមីយ៉ានម៉ាបានដាក់ចេញនោះទេ។ សេចក្ដីថ្លែងការណ៍ដដែលបានរិះគន់ថាការផាត់មីយ៉ាន់ម៉ាចេញពីកិច្ចប្រជុំកំពូលអាស៊ានគឺជាការប្រព្រឹត្តដោយរើសអើង ដោយមតិយល់ឃើញរបស់មីយ៉ាន់ម៉ាមិនទទួលបានការយកចិត្តទុកដាក់ឡើយ ខណៈសិទ្ធិស្មើភាព និងសមាជិកពេញលេញត្រូវបានដិសេធ។

លើសពីនេះទៅទៀត ក្រសួងការបរទេសមីយ៉ាន់ម៉ាក៏បានអះអាងផងដែរថានៅមីយ៉ាន់ម៉ាគ្មានអ្នកទោសនយោបាយនោះទេ ហើយមិនតែប៉ុណ្ណោះ អ្នកទោសជាង ១២៦ ០០០នាក់ ថែមទាំងទទួលបានការលើកលែងទោស ឬបន្ធូរបន្ថយទោសទៀតផង ចាប់តាំងពីផ្ទុះរដ្ឋប្រហារមក។ ប៉ុន្តែក្រុមអ្នកអង្គការសិទ្ធិមនុស្សបានឱ្យដឹងថាមានអ្នកទោសនយោបាយរាប់ពាន់នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារ ក្នុងនោះរួមមានទាំងលោកស្រី អោងសាន ស៊ូជី ដែលកំពុងជាប់ឃុំក្នុងផ្ទុះ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធដើមសប្ដាហ៍នេះ ប្រធានាធិបតីគាំទ្រដោយយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានថ្លែងទៅកាន់សភាជាតិជាមួយការកត់សម្គាល់ថារដ្ឋាភិបាលរបស់លោកកំពុងពិចារណាឡើងវិញលើទំនាក់ទំនងជាមួយអាស៊ាន តែថានឹងរក្សាទំនាក់ទំនងជាមួយរដ្ឋជាសមាជិក។ មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពចលាចល ចាប់តាំងពីយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលរបស់លោកស្រី អោងសាន ស៊ូជី ចេញពីអំណាច ជាហេតុបង្កឱ្យសង្រ្គាមស៊ីវិលមកទល់នឹងបច្ចប្បន្នដែល UN បានវាយតម្លៃថាបានសម្លាប់មនុស្សជាង ១០០ ០០០នាក់ និងជាង ៣,៥លាននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕