FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បារ៉ែន អះអាងថាអ៉ីរ៉ង់វាយប្រហារលើរោងចក្រស៊ីវិល បង្កជាអគ្គិភ័យឆាបឆេះ (Video inside)

22-11-2026 10:00

(Reuters)​៖ ប្រទេសបារ៉ែន នៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថាការវាយប្រហារមួយរបស់អ៉ីរ៉ង់បានធ្លាក់ចំរោងចក្រស៊ីវិលមួយកន្លែង ដោយបណ្ដាលឱ្យមានអគ្គិភ័យឆាបឆេះ តែមិនមានអ្នករងរបួសនោះទេ ខណៈកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានអះអាងថាពួកគេបើកការវាយប្រហារមីស៊ីល និងដ្រូន លើទីតាំងយោធារបស់សហរដ្ឋអាមេរិកក្នុងប្រទេសបារ៉ែន ជាទីដែលកងនាវាទី៥នៃកងទ័ពជើងទឹកអាមេរិកឈរជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្ដីរាយការណ៍ពីការវាយប្រហាររបស់អ៉ីរ៉ង់ ជាការកើនឡើងជម្លោះចុងក្រោយបំផុតមួយនៅក្នុងតំបន់ឈូងសមុទ្រពែក្ស ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលរួមដៃគ្នាដុតបញ្ឆេះសង្រ្គាមជាមួយអ៉ីរ៉ង់កាលពីខែកុម្ភៈមក។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមកដែរ បណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែក្សត្រូវបានអូសទាញឱ្យពាក់ព័ន្ធនឹងសង្រ្គាមនេះ ដោយពួកគេបានរងការវាយប្រហារពីអ៉ីរ៉ង់ម្ដងហើយម្ដងទៀត។

ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ទីភ្នាក់ងារការពារជនស៊ីវិលរបស់បារ៉ែនបានឱ្យដឹងថាក្រុមអ្នកជួយសង្រ្គោះបានពន្លត់អគ្គិភ័យនៅឯរោងចក្រដែលរងការវាយប្រហារ។ តែមិនបានបញ្ជាក់ពីទីតាំងនោះទេដោយគ្រាន់តែបន្ថែមថាគ្មានអ្នករងរបួសនៅក្នុងការវាយប្រហារពីអ៉ីរ៉ង់នោះទេ ខណៈប្រព័ន្ធការពារដែនអាកាសរបស់បារ៉ែនបានស្ទាក់ចាប់ការវាយប្រហារមួយចំនួនពីអ៉ីរ៉ង់។

គួរបញ្ជាក់ថា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាពួកគេបានបើកការវាយប្រហារដោយប្រើមីស៊ីល និងដ្រូន ប្រឆាំងនឹងទីតាំងយោធារបស់សហរដ្ឋអាមេរិកនៅឯមូលដ្ឋានទ័ព Al-Riffa និង Awali ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងអ្វីដែល តេហេរ៉ង់ហៅថាទង្វើឈ្លានពាន និងការបំពានម្ដងហើយម្ដងទៀតលើដែនអាកាសរបស់អ៉ីរ៉ង់ដោយសហរដ្ឋអាមេរិក៕