ម៉ិកស៉ិក ចាប់ខ្លួនមេខ្លោងធំជួញដូរគ្រឿងញៀនម្នាក់ទៀត ក្នុងប្រតិបត្តិការដ៏ក្តៅគគុក
21-11-2026 22:43
(ម៉ិកស៉ីកូ)៖ ប្រធានកងកម្លាំងសន្តិសុខរបស់ប្រទេសម៉ិកស៉ិក បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា យោធាម៉ិកស៉ិកបានចាប់ខ្លួនជនសង្ស័យម្នាក់ដែលជាមេខ្លោងធំជួញដូរគ្រឿងញៀនឈ្មោះ Fausto Isidro Meza Flores ដែលគេស្គាល់ថា El Chapo Isidro ព្រមទាំងមេបណ្តាញជួញដូរគ្រឿងញៀនពីរនាក់ទៀតរបស់ Chapo Isidro កាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីមានប្រតិបត្តិការទ្រង់ទ្រាយធំនៅក្នុងរដ្ឋ Sinaloa។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។
Chapo Isidro គឺជាជនល្មើសម្នាក់ក្នុងចំណោមជនល្មើសទាំង ១០នាក់ដែល FBI បញ្ជាឱ្យតាមចាប់។ យោងតាមក្រសួងការបរទេសអាមេរិក ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ រូបគេរួមជាមួយអង្គការឧក្រិដ្ឋកម្មរបស់ខ្លួន បានលួចនាំចូលគ្រឿងញៀនច្រើនប្រភេទ រួមមាន ហេរ៉ូអ៉ីន មេតំហ្វេតាមីន កូកាអ៉ីន និងកញ្ឆា ចូលទៅក្នុងសហរដ្ឋអាមេរិក។
Chapo Isidro ក៏ត្រូវបានគេចាត់ទុកថាជាមេដឹកនាំម្នាក់នៃក្រុមឧក្រិដ្ឋកម្ម Beltran Leyva ដែលមានសេចក្តីរាយការណ៍ថាបានចងសម្ព័ន្ធភាពជាមួយក្រុម Los Mayors ដែលជាផ្នែកមួយនៃក្រុមឧក្រិដ្ឋកម្មដ៏មានឥទ្ធិពល Sinaloa។ នៅយប់ថ្ងៃសុក្រ ប្រតិបត្តិការយោធាមួយបានបង្កឱ្យមានចរន្តនៃអំពើហិង្សានៅក្នុងរដ្ឋ Sinaloa រួមទាំងការប៉ះទង្គិចដោយអាវុធរវាងកងកម្លាំងសន្តិសុខម៉ិកស៉ិក និងសមាជិកក្រុមឧក្រិដ្ឋកម្ម ដែលបានដាក់របាំងផ្លូវដោយដុតភ្លើងនៅតាមតំបន់មួយចំនួនក្នុងទីក្រុង។
ការចាប់ខ្លួននេះកើតមានឡើងក្នុងពេលដែលម៉ិកស៉ិកបានចាប់ខ្លួន ឬសម្លាប់ជនសង្ស័យជាច្រើននាក់ដែលពាក់ព័ន្ធការជួញដូរគ្រឿងញៀនកម្រិតខ្ពស់ ក្រោមសម្ពាធពីទីក្រុងវ៉ាស៉ីនតោន។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមជាច្រើនលើកថា នឹងចាត់វិធានការយោធាដោយឯកតោភាគីនៅក្នុងទឹកដីម៉ិកស៉ិក ប្រសិនបើរដ្ឋបាលរបស់ប្រធានាធិបតី Claudia Sheinbaum មិនចាត់វិធានការឱ្យខ្លាំងក្លាជាងនេះទេ ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋកម្មគ្រឿងញៀនទាំងនោះ។
ទាំងក្រសួងការបរទេសអាមេរិក និង FBI មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ៕

