លោក Lee Jae Myung ជំរុញឱ្យកូរ៉េខាងត្បូងពន្លឿនសកម្មភាពនានា ក្នុងវិស័យ AI
21-11-2026 21:19
(សេអ៊ូល)៖ លោកប្រធានាធិបតី Lee Jae Myung បានជំរុញឱ្យកូរ៉េខាងត្បូងពន្លឿនសកម្មភាព ចំពោះមុខភាពប្រកួតប្រជែងក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) នៅលើឆាកអន្តរជាតិ អំឡុងពេលដែលលោកចុះពិនិត្យមជ្ឈមណ្ឌលទិន្នន័យមួយកន្លែង ដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ នៅក្នុងទីក្រុង Ulsan ភាគអាគ្នេយ៍នៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។
«ក្នុងពេលនេះ ពិភពលោកទាំងមូលកំពុងប្រកួតប្រជែងគ្នា ហើយល្បឿនគឺជារឿងសំខាន់បំផុត»។ នេះជាការគូសបញ្ជាក់របស់លោក Lee។ លោក Lee បានលើកឡើងទៀតថា មជ្ឈមណ្ឌលទិន្នន័យគឺជាប្រភពដ៏សំខាន់នៃតម្រូវការបន្ទះឈីប ហើយលោកសង្ឃឹមថា ភាពជោគជ័យនៃគម្រោងនេះ ដែលត្រូវបានសាងសង់ឡើងដោយ SK Group ក្រុមហ៊ុនចម្រុះអាជីវកម្មធំជាងគេទីពីររបស់កូរ៉េខាងត្បូង នឹងទាក់ទាញការវិនិយោគបន្ថែមទៀតពីក្រុមហ៊ុន AI នានានៅជុំវិញពិភពលោក។
SK Group កំពុងសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅទីក្រុង Ulsan ដោយសហការជាមួយ Amazon Web Services (AWS)។ គម្រោងនេះត្រូវបានប៉ាន់ប្រមាណថាមានតម្លៃ ៧ទ្រីលានវ៉ុន ឬប្រហែល ៥,២ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០២៩ ហើយប្រតិបត្តិការគ្រោងចាប់ផ្តើមនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៧។
តាមលោក Chey Tae-won ដែលជាប្រធាន SK Group ក្រុមក្រុមហ៊ុនក៏កំពុងរៀបចំផែនការបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិនានាបន្ថែមទៀតផងដែរ ខណៈដែលគម្រោងនេះកំពុងដំណើរការទៅមុខ៕
