FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្តារដ្ឋសមាជិកយល់ស្របឱ្យ UN បើកកិច្ចពិភាក្សាផ្លូវការលើច្បាប់គ្រប់គ្រង «ឃាតករ៉ូបូត» នៅឆ្នាំ២០២៨

21-11-2026 18:47

(ហ្សឺណែវ)៖ កិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ (UN) ស្តីពីការគ្រប់គ្រងប្រភេទអាវុធដែលដំណើរការដោយមានការត្រួតពិនិត្យតិចតួចពីមនុស្ស ឬគ្មានការត្រួតពិនិត្យសោះនោះ បានបញ្ចប់ទៅនាថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាមួយការសន្យាបន្តពិភាក្សាដើម្បីតាក់តែងច្បាប់ថ្មីៗក្នុងរយៈពេលពីរឆ្នាំទៅមុខ ទៀត ខណៈដែលលទ្ធផលនេះធ្វើឱ្យក្រុមសិទ្ធិមនុស្សខកចិត្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកគាំទ្របានអំពាវនាវរកច្បាប់ដែលមានលក្ខណៈចងជាកាតព្វកិច្ចឱ្យបានឆាប់​ ដើម្បីគ្រប់គ្រងប្រព័ន្ធអាវុធដែលអាចកំណត់អត្តសញ្ញាណ និងវាយប្រហារគោលដៅដោយមានកម្រិតស្វ័យភាពខុសៗគ្នា ដែលជួនកាលត្រូវបានគេហៅថា «ឃាតករ៉ូបូត» (killer robots)។ ប្រហែល ១០០ប្រទេសគាំទ្រជំហរនេះ ប៉ុន្តែប្រទេសធំៗដែលផលិតអាវុធ ដូចជាសហរដ្ឋអាមេរិក រុស្ស៉ី​ និងអ៉ីស្រាអែល បានជំទាស់ ដែលនាំឱ្យកិច្ចព្រមព្រៀងត្រូវបានកែសម្រួល បន្សល់ទុកនូវភាពមិនច្បាស់លាស់ថាតើវិធានការនានានៅថ្ងៃអនាគតនឹងមានកាតព្វកិច្ចផ្លូវច្បាប់ដែរឬទេ។

យ៉ាងនេះក្តី លោក Julien Thoeni ប្រធានកិច្ចពិភាក្សាដែលមកពីប្រទេសស្វីស បានលើកឡើងថា កិច្ចព្រមព្រៀងនេះគឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់វិស័យរំសាយអាវុធដើម្បីមនុស្សធម៌ បន្ទាប់ពីមានការចរចាអស់រយៈពេលជាង ១០ឆ្នាំមក។ «នេះបង្ហាញឱ្យឃើញថា សូម្បីតែនៅក្នុងពិភពលោកសព្វថ្ងៃដែលពោរពេញទៅដោយភាពបែកបាក់ ក៏ការទូតពហុភាគីនៅតែអាចនាំមកនូវលទ្ធផលជាក់ស្តែងបានដែរ»។ នេះជាការគូសបញ្ជាក់របស់លោកទៅកាន់ក្រុមអ្នកសារព័ត៌មានទាំងសំឡេងស្អក ក្រោយកិច្ចពិភាក្សាបានបញ្ចប់នៅប្រហែលវេលាទៀបភ្លឺ (ម៉ោងក្នុងតំបន់)។

ដោយឡែកក្រុមសិទ្ធិមនុស្សជាច្រើនបានរិះគន់លទ្ធផលនេះ ដោយលើកឡើងថា វាមានន័យថាបច្ចេកវិទ្យាពេលនេះមានឱកាសនឹងវ៉ាដាច់វិស័យការទូត។ លោកស្រី Nicole van Rooijen នាយកប្រតិបត្តិអង្គការ Stop Killer Robots បានថ្លែងនៅក្រៅកិច្ចពិភាក្សានោះថា «ការពន្យារពេលក្នុងការបង្កើតលិខិតគតិយុត្តដែលមានកាតព្វកិច្ចចងជាកាតព្វកិច្ចផ្លូវច្បាប់ ធ្វើឱ្យជនស៉ីវិល និងមនុស្សជាតិទាំងមូលធ្លាក់ក្នុងហានិភ័យ»។

អ្នកសង្កេតការណ៍ និងអតីតមន្ត្រីយោធាមួយចំនួនលើកឡើងថា បណ្តាប្រទេសនានាគួរត្រៀមខ្លួនពិចារណាលើដំណើរការថ្មីមួយ ដែលស្ថិតនៅក្រៅក្របខ័ណ្ឌ UN បច្ចុប្បន្ន ដែលតម្រូវឱ្យរដ្ឋភាគីទាំង ១២៨ យល់ព្រមតាមរយៈគោលការណ៍កុងសង់ស៉ីស៕