បទវិភាគ៖ ប្រមូលផ្តុំគំនិតឯកភាពរួមនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក បន្តចារទំទ័ពថ្មីនៃ «អច្ឆរិយអាស៊ី-ប៉ាស៊ីហ្វិក»
21-11-2026 13:56
(ប៉េកាំង)៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ ទីក្រុង Shenzhenនៃប្រទេសចិនបានទាក់ទាញក្រសែចក្ខុរបស់ពិភពលោកទាំងមូល។ ការអនុម័តជាឯកច្ឆន្ទ នូវសេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៦ ការសម្រេចបាននូវ «ចក្ខុវិស័យស៊ិនជិន របស់ថ្នាក់ដឹកនាំ APEC ឆ្នាំ ២០២៦» ដែលប្រកបដោយមហិច្ឆតា ភាពប្រាកដនិយម និងគ្រប់ជ្រុងជ្រោយ ព្រមទាំងការចេញផ្សាយឯកសារសមិទ្ធផលចំនួន៣ ក្នុងវិស័យពាណិជ្ជកម្ម ការតភ្ជាប់គ្នា និងនវានុវត្តន៍... លទ្ធផលជាផ្លែផ្កាមួយចំនួនបានក្លាយជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឈានដល់កម្រិតកំពូលថ្មីមួយទៀត។ ។
ក្នុងរយៈពេលជាង៣០ឆ្នាំមកហើយ តំបន់អាស៊ី-ប៉ាស៊ីហ្វិកបានផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងខ្លាំង ដែលបង្កើតបានជា “អច្ឆរិយអាស៊ី-ប៉ាស៊ីហ្វិក” នៃការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ នៅឆ្នាំ២០២០ អង្គការAPEC បានដាក់ចេញទស្សនទានPutrajaya ដោយលើកឡើងនូវគោលដៅស្តីពីការបង្កើតសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកនៅឆ្នាំ ២០៤០។ ឥឡូវនេះ មានរយៈពេលត្រឹមតែជាងមួយទសវត្សរ៍ទៀតប៉ុណ្ណោះដើម្បីសម្រេចបាននូវគោលដៅនេះ តំបន់អាស៊ី-ប៉ាស៊ីហ្វិកប្រឈមនឹងការសាកល្បងនិងកាលានុវត្តភាពថ្មីៗ។
ប្រឈមមុខនឹងស្ថានការណ៍ថ្មីនេះ តើយើងត្រូវកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកយ៉ាងណា? តើយើងត្រូវកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកតាមរបៀបណា? តើយើងត្រូវបន្តចារទំព័រថ្មីនៃ”អច្ឆរិយអាស៊ី-ប៉ាស៊ីហ្វិក”យ៉ាងដូចម្តេច? សំណួរទាំងនេះតម្រូវឱ្យគ្រួសារអាស៊ី-ប៉ាស៊ីហ្វិកមានគំនិតឯកភាពរួមថ្មី និងផ្តល់ចម្លើយយ៉ាងច្បាស់លាស់ ។
តំបន់អាស៊ីប៉ាស៊ីហ្វិកគឺជាផ្ទះនិងជាឬសគល់របស់ប្រទេសចិន ហើយប្រទេសចិនគឺជាអ្នកផ្តួចផ្តើម អ្នកផ្សព្វផ្សាយនិងជាអ្នកត្រួសត្រាយផ្លូវ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក។ ដោយប្រឈមមុខនឹងវិញ្ញាសានៃយុគសម័យថ្មី លោកXi Jinping ប្រធានរដ្ឋចិនបានលើកឡើងយ៉ាងច្បាស់អំពីការជំរុញការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកដែលរួមកម្លាំងជាធ្លុងមួយ និងពុះពារឧបសគ្គជាមួយគ្នា មានភាពបើកទូលាយ នវានុវត្តន៍ និង អភិវឌ្ឍប្រកបដោយការរួមបញ្ចូលគ្នា។ លោកបានបញ្ជាក់ថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយគ្រប់បណ្តាភាគីទាំងអស់ ដើម្បីរួមគ្នាកសាង " «សសរទ្រូងទាំងបួន និងសសរគ្រឹះទាំងប្រាំបី"នៃសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក ហើយបានពន្យល់យ៉ាងស៊ីជម្រៅអំពីខ្លឹមសារដ៏សម្បូរបែប ពោលគឺ"សសរទ្រង់ទាំងបួន" គឺសេដ្ឋកិច្ចពាណិជ្ជកម្ម ការតភ្ជាប់គ្នា នវានុវត្តន៍ និងការអភិវឌ្ឍ។ " សសរគ្រឹះទាំងប្រាំបី" គឺតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក ការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ផ្នែកបទប្បញ្ញត្តិ ការតភ្ជាប់ដួងចិត្តប្រជាជននិងប្រជាជន ព្រមទាំងសេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាងើបឡើងថ្មី ការកសាងសមត្ថភាព និងកំណើនប្រកបដោយចីរភាព។ ប្រការទាំងនេះផ្សារភ្ជាប់ជាមួយគ្នា និងជំរុញគ្នាទៅវិញទៅមក ដែលគាំទ្រដល់ក្របខ័ណ្ឌទាំងមូលនៃសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក។
ភាពបើកទូលាយនិងកិច្ចសហប្រតិបត្តិការ គឺជាមធ្យោបាយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍនិងការស្តារឡើងវិញនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំអង្គការAPECលើកនេះ ពាក្យគន្លឹះពីរនៅក្នុងវិស័យបើកទូលាយ និងកិច្ចសហប្រតិបត្តិការ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ៖ ទី១.«តំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក»ទី២.«ការតភ្ជាប់គ្នា»។ ឆ្នាំនេះគឺជាខួបលើកទី២០នៃការលើកឡើងទស្សនទានសម្រាប់តំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក។ នៅឆ្នាំ២០១៤ នៅបឹងYanqiទីក្រុងប៉េកាំង តំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិកត្រូវបានដាក់ឱ្យដំណើរការ ហើយ «ផែនការមេស្តីពីការតភ្ជាប់គ្នានៃAPEC (២០១៥-២០២៥)» ត្រូវបានអនុម័ត។ នៅឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC នៅទីក្រុង Shenzhen «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឌីជីថលភាវូបនីយកម្មពាណិជ្ជកម្ម APEC » ត្រូវបានអនុម័ត ហើយកំណែដែលមានលំដាប់កាន់តែខ្ពស់នៃផែនការមេស្តីពីការតភ្ជាប់គ្នានៃAPEC ត្រូវបានសម្រេច ដែលបានផ្តល់នូវមូលដ្ឋានគ្រឹះកាន់តែរឹងមាំសម្រាប់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
បើពិភពលោកចង់ទទួលការអភិវឌ្ឍ នោះត្រូវពឹងផ្អែកលើតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ «ចក្ខុវិស័យ សិនជិន» ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំនេះបង្ហាញថា គ្រប់បណ្តាភាគីទាំងអស់មានឆន្ទៈដោះស្រាយការខ្វែងគំនិតគ្នា រួមគ្នាគាំទ្រគោលបំណងដើមរបស់អង្គការ APEC និងជំរុញសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកឱ្យឈានចូលទៅក្នុងដំណាក់កាលថ្មីនៃការអនុវត្តជាក់ស្តែង ។ ដោយចាត់ទុកក្រុងសិនជិនជាចំណុចចាប់ផ្តើមថ្មី ប្រទេសចិនរីករាយធ្វើការជាមួយអង្គភាពសេដ្ឋកិច្ចដែលជាសមាជិកទាំងអស់ ដើម្បីបន្តចារទំព័រថ្មីនៃ”អច្ឆរិយអាស៊ី-ប៉ាស៊ីហ្វិក” នៅក្នុងចរន្តនៃយុគសម័យ ដើម្បីរួមចំណែកកាន់តែធំធេងដល់សន្តិភាពនិងការអភិវឌ្ឍពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន

