វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
20-11-2026 22:03
(ហាណូយ)៖ រដ្ឋសភាវៀតណាមនៅថ្ងៃសុក្រ បានអនុម័តក្រមព្រហ្មទណ្ឌកែសម្រួលថ្មី ដោយលុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត ដែលធ្វើឱ្យប្រទេសនេះនៅសល់បទល្មើសត្រឹមតែ ៤ប៉ុណ្ណោះដែលអាចប្រឈមនឹងទោសប្រហារជីវិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្រោមច្បាប់ថ្មីនេះ ទោសប្រហារជីវិតអនុវត្តចំពោះតែបទល្មើសក្បត់ជាតិ អំពើឃាតកម្ម ភេរវកម្ម និងការផលិតគ្រឿងញៀនខុសច្បាប់ប៉ុណ្ណោះ ខណៈបទល្មើសដែលដកចេញពីបញ្ជីទោសប្រហារជីវិត រួមមាន ការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ការបះបោរ និងការរំលោភសេពសន្ថវៈលើអនីតិជន ហើយជំនួសមកវិញដោយទោសអតិបរមាគឺជាប់ពន្ធនាគារអស់មួយជីវិត។ ទោះបីសមាជិកសភាមួយចំនួនធ្លាប់ស្ទាក់ស្ទើរក្នុងការដកទោសប្រហារជីវិតសម្រាប់ការជួញដូរគ្រឿងញៀនក៏ដោយ ក៏រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ លោក លឿង តាមក្វាង (Luong Tam Quang) បានលើកឡើងថា ភស្តុតាងបង្ហាញថាអ្នកជួញដូរមួយចំនួន «ត្រូវគេល្បួង បោកបញ្ឆោត ឬបង្ខិតបង្ខំ» ឱ្យប្រព្រឹត្ត ហើយពួកគេ «នៅតែអាចកែប្រែ អប់រំ និងផ្តល់ឱកាសឱ្យកែខ្លួនឡើងវិញបាន ដូច្នេះមិនចាំបាច់ដាក់ទោសប្រហារជីវិតនោះទេ»។
គួរបញ្ជាក់ថា នេះជាជំហានចុងក្រោយនៃការកាត់បន្ថយទោសប្រហារជីវិតជាបន្តបន្ទាប់ ចាប់តាំងពីក្រមព្រហ្មទណ្ឌឆ្នាំ១៩៨៥ របស់វៀតណាម ដែលធ្លាប់កំណត់ទោសប្រហារជីវិតលើបទល្មើសរហូតដល់ ៤៤ករណី។ វៀតណាមបានប្តូរមកប្រើវិធីចាក់ថ្នាំសម្លាប់ជំនួសការបាញ់សម្លាប់តាំងពីឆ្នាំ២០១៣ ប៉ុន្តែមិនដែលបង្ហាញជាសាធារណៈពីចំនួនអ្នកទោសដែលខ្លួនប្រហារជីវិតឡើយ ខណៈអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ប៉ាន់ប្រមាណថា មានអ្នកទោសជាង ១ ២០០នាក់ កំពុងជាប់ទោសប្រហារជីវិតនៅវៀតណាមគិតត្រឹមចុងឆ្នាំ២០២៣ ហើយកាលពីខែកញ្ញាកន្លងទៅ តុលាការក៏បានកាត់ទោសប្រហារជីវិតមនុស្សចំនួន ១១នាក់ ពីបទជួញដូរគ្រឿងញៀនពីប្រទេសបារាំងមកវៀតណាមផងដែរ៕

