ចិន និងសហរដ្ឋអាមេរិក បើកកិច្ចពិភាក្សាប្រចាំឆ្នាំស្តីពីសុវត្ថិភាពយោធាដែនសមុទ្រនៅទីក្រុងសៀងហៃ
20-11-2026 20:47
(ប៉េកាំង)៖ កងទ័ពជើងទឹកចិនបានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា ចិន និងសហរដ្ឋអាមេរិក បានរៀបចំកិច្ចប្រជុំក្រុមការងារលើកទី២ ក្នុងឆ្នាំ២០២៦ និងកិច្ចប្រជុំប្រចាំឆ្នាំនៃយន្តការកិច្ចព្រមព្រៀងពិគ្រោះយោបល់យោធាដែនសមុទ្រ (MMCA) នៅទីក្រុងសៀងហៃ ចាប់ពីថ្ងៃពុធ ទី១៨ ដល់ថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បើតាមសេចក្តីថ្លែងការណ៍ដដែល ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាដោយ «ស្មោះត្រង់ ជាក់ស្តែង និងប្រកបដោយភាពស្ថាបនា» អំពីស្ថានភាពសន្តិសុខដែនសមុទ្រ និងដែនអាកាសនាពេលបច្ចុប្បន្ន ព្រមទាំងបានពិភាក្សាអំពីវិធានការនានា ដើម្បីលើកកម្ពស់សុវត្ថិភាពយោធាដែនសមុទ្ររវាងប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានត្រួតពិនិត្យឡើងវិញនូវការអនុវត្តក្រមប្រតិបត្តិសុវត្ថិភាពសម្រាប់ការជួបប្រទះគ្នាដោយចៃដន្យនៅលើផ្ទៃសមុទ្រ ឬដែនអាកាស ក្នុងរយៈពេលមួយឆ្នាំកន្លងមកផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំ MMCA នេះមានការចូលរួមពីមន្ត្រីយោធាជើងទឹកចិន និងតំណាងមកពីទីបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក កងនាវាចរប៉ាស៊ីហ្វិក កងទ័ពអាកាសប៉ាស៊ីហ្វិក និងឆ្មាំសមុទ្រអាមេរិក ក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយមិនមានសុវត្ថិភាព ឬគ្មានវិជ្ជាជីវៈ ខណៈកិច្ចពិភាក្សានេះក៏ធ្វើឡើងស្របពេលនឹងកិច្ចប្រជុំកំពូល APEC នៅទីក្រុងស៊ិនជិន ប្រទេសចិនផងដែរ៕

