រុស្ស៊ីព្រមានថា វត្តមានប្រមុខការទូត EU លោកស្រី កាឡាស នឹងធ្វើឱ្យកិច្ចចរចាសន្តិភាពអ៊ុយក្រែនដួលរលំ
20-11-2026 20:14
(មូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានព្រមានថា ការចូលរួមរបស់ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី កាហ្សា កាឡាស (Kaja Kallas) ក្នុងកិច្ចចរចាណាមួយនាពេលអនាគតស្តីពីបញ្ហាអ៊ុយក្រែន នឹងធ្វើឱ្យដំណើរការចរចាដួលរលំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូ លោកស្រី ហ្សាខារ៉ូវ៉ា បានចាត់ទុកលោកស្រី កាឡាស ថាជាអ្នកនយោបាយប្រឆាំងរុស្ស៊ី និងមិនស័ក្តិសមចូលរួមកិច្ចចរចាឡើយ ដោយលោកស្រីបានលើកឡើងថា «ប្រសិនបើភាគីណាមួយនៅទីក្រុងព្រុចសែលចង់បានអ្នកចរចាបែបនេះជាមួយរុស្ស៊ី នោះវាបង្ហាញយ៉ាងច្បាស់ពីលទ្ធផលដែលពួកគេចង់បានគឺការបំផ្លាញគំនិតផ្តួចផ្តើមសន្តិភាព»។ ជាការឆ្លើយតប លោកស្រី កាឡាស ធ្លាប់បានគូសបញ្ជាក់កាលពីដើមខែនេះថា រុស្ស៊ីគ្មានសិទ្ធិជ្រើសរើសអ្នកតំណាងឱ្យប្លុកអឺរ៉ុបនោះទេ ព្រោះលោកស្រីនិយាយក្នុងនាមប្រទេសសមាជិកទាំង ២៧ ហើយរុស្ស៊ីត្រូវតែយល់ព្រមលើបទឈប់បាញ់ និងធ្វើសម្បទានជាមុនសិន មុននឹងកិច្ចចរចាសន្តិភាពពិតប្រាកដអាចចាប់ផ្តើមបាន។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អឺរ៉ុបមិនទាន់បានចូលរួមក្នុងកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅឡើយទេ ប៉ុន្តែបានឯកភាពគ្នាជ្រើសរើសមហាអំណាចយោធាចំនួន ៥ រួមមាន អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងប៉ូឡូញ រួមទាំងស្ថាប័ន EU ធ្វើជាតំណាងប្រសិនបើខ្លួនចូលរួម។ ទន្ទឹមនឹងនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីបានស្នើឱ្យបេសកជនអឺរ៉ុបមកបំភ្លឺជំហរនៅទីក្រុងមូស្គូជាមុន ខណៈអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេ រីយ៉ាបកូវ (Sergei Ryabkov) បានឱ្យដឹងនៅថ្ងៃសុក្រថា គម្រោងដំណើរទស្សនកិច្ចរបស់តំណាងមកពីអង់គ្លេស អាល្លឺម៉ង់ និងបារាំង កំពុងស្ថិតក្នុងការរៀបចំ៕
