FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បារាំងស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ក្រោយរុស្ស៊ីវាយប្រហារលើទីក្រុងកៀវ

20-11-2026 19:57

(ប៉ារីស)៖ ប្រទេសបារាំងបានអំពាវនាវឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារជាថ្មីលើរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីអ៊ុយក្រែនបានឱ្យដឹងថា មនុស្សចំនួន ៨ នាក់បានស្លាប់ក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីពេញមួយយប់ ខណៈរដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់-ណូអែល បារ៉ូត (Jean-Noel Barrot) បានសរសេរលើបណ្ដាញសង្គម X ថា «រុស្ស៊ីនឹងត្រូវទទួលខុសត្រូវចំពោះរឿងនេះ»។ ទន្ទឹមនឹងនេះ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលហូឡង់បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីមកសួរនាំ បន្ទាប់ពីស្ថានទូតហូឡង់ប្រចាំទីក្រុងកៀវរងការខូចខាតបន្តិចបន្តួច នៅពេលគ្រាប់ផ្លោងធ្លាក់ក្បែរអគារស្ថានទូត ហើយស្ថានទូតអូទ្រីសប្រចាំទីក្រុងកៀវក៏រងការវាយប្រហារផងដែរ ប៉ុន្តែមិនមានបុគ្គលិកស្ថានទូតណាម្នាក់រងរបួសឡើយ។

គួរបញ្ជាក់ថា ការវាយប្រហារលើទីក្រុងកៀវនេះកើតឡើងស្របពេលដែលរុស្ស៊ីកំពុងបង្កើនការវាយប្រហារដោយដ្រូន និងមីស៊ីលលើទីក្រុង និងបណ្ដាញថាមពលរបស់អ៊ុយក្រែននារដូវរងា និងចំពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទើបប្រកាសថានឹងមិនចរចាបទឈប់បាញ់ជាមួយអ៊ុយក្រែនឡើយ បន្ទាប់ពីមានការវាយប្រហារលើស្ពាន Kerch តភ្ជាប់ឧបទ្វីបគ្រីមៀ៕