FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ​Xi Jinping ធ្វើ​ជាអធិបតីក្នុងកិច្ច​ជំនួប​រវាង​ប្រមុខរដ្ឋ​ចិន រុស្ស៊ី​និង​អាមេរិក

20-11-2026 16:39

(ប៉េកាំង)៖ រសៀលថ្ងៃទី១៩ ខែវិច្ឆិកា លោក ​Xi Jinping ប្រធានរដ្ឋ​ចិន បាន​បើកធ្វើ​កិច្ច​ជំនួប​រវាង​ប្រមុខរដ្ឋ​ចិន លោក Putin ​ប្រធានាធិបតី​រុស្ស៊ី​និងលោក Trump ប្រធានាធិបតីអាមេរិក​​នៅទីក្រុង Shenzhen​។ លោក ​Xi Jinping បានលើកឡើងថា លើកនេះជាកិច្ចជំនួប​លើក​ដំបូង​រវាង​មេដឹកនាំ​កំពូល​នៃ​ប្រទេសចិន រុស្ស៊ី​និងសហរដ្ឋអាមេរិក​ដែលមានសារៈសំខាន់យ៉ាងខ្លាំង ។

លោក ​Xi Jinping ​បានលើកឡើងទៀតថា បើប្រទេស​ធំ​និង​ប្រទេស​ធំ​មានភាព​សុខដុម​រមនា​ជាមួយគ្នា​នោះ​ ពិភពលោកក៏មាន​សន្តិភាព ។ បើប្រយុទ្ធ​គ្នា នោះ​ពិភពលោកនឹង​វឹកវរ ។ ជាង ៨០ ឆ្នាំមុន ក្នុងនាមជាកម្លាំងសំខាន់នៃការ​ប្រឆាំងហ្វាស៊ីស​របស់ពិភពលោក ប្រទេសចិន រុស្ស៊ី​និង​អាមេរិកបានប្រ​កៀកស្មាគ្នា​ប្រយុទ្ធនិង​ទទួល​បាន​ជ័យជម្នះ​ដ៏​អស្ចារ្យ​ដែល​នាំមកនូវ​សន្តិភាព​និងភាពស្ងប់សុខសម្រាប់ពិភពលោក។ យើងត្រូវតែចងចាំពី​ប្រវត្តិសាស្ត្រ​និងត្រួសត្រាយ​អនាគត។

លោក ​Xi Jinping ​បានគូសបញ្ជាក់ថា ពិភពលោកសព្វថ្ងៃនេះ​គឺជា​សហគមន៍​រួមវាសនា​​តែមួយ ហើយប្រទេស​ធំ​​ត្រូវ​រ៉ាប់​រងភារកិច្ច​​ពិសេស ។ អន្តរកម្មវិជ្ជ​មាន​រវាង​ប្រទេស​ធំ​​មិន​មែន​ជាសំណួរជ្រើសរើស​ចម្លើយ​ត្រូវ​ឬខុសទេ ប៉ុន្តែជាសំណួរត្រូវឆ្លើយ ។ ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេសចិនបានជំរុញទំនាក់ទំនង​ភាពជាដៃគូសម្របសម្រួលនិង​សហការជា​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី​ជាមួយប្រទេសរុស្ស៊ី និង​កសាង​ទំនាក់​ទំនង​ស្ថិរភាពជាយុទ្ធសាស្ត្រ​ប្រកបដោយលក្ខ​ណៈស្ថាបនារវាង​​ចិននិងអាមេរិក យ៉ាង​សកម្មដែល​​ជំរុញការបង្កើតនិម្មាបនកម្ម​នៃ​​​ទំនាក់ទំនងរវាងប្រទេសធំ​​ដែល​​រួម​រស់​ដោយ​សនិ្តសហវិជ្ជមាន​ មានស្ថិរភាពជាទូទៅ​និងមានតុល្យាភាព​ខាង​ការអភិវឌ្ឍ​ដែល​ផ្តល់​ផលប្រយោជន៍ដល់ភាគីពាក់ព័​ន្ធនិង​ពិភពលោក​ ។ ​ក្នុងនាមជាប្រទេសធំលើពិភពលោក​និងជាសមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិន រុស្ស៊ី និង​អាមេរិក​គួរតែធ្វើជាគំរូល្អ សហការ​គ្នា​ដើម្បីដោះស្រាយបញ្ហាប្រឈមសកល រួមគ្នា​គាំពារ​សន្តិភាព​និងស្ថិរភាពពិភពលោក​និង​រួមចំណែក​​កាន់​តែច្រើន​ដល់​វឌ្ឍន​ភាព​របស់​មនុស្សជាតិ ។

លោក ​Xi Jinping ​បានលើកឡើង​នូវ​ទស្សនៈ​បួនចំណុច​ស្តីពី​វិធីសាស្ត្រ​នៃការ​​​រួម​រស់​រវាង​ប្រទេស​ធំ​ ដើម្បី​រួមចំណែកដល់សន្តិភាពពិភពលោក៖

ទី ១ ត្រូវប្រកាន់ខ្ជាប់នូវការ​គោរពគ្នាទៅវិញទៅមក។ ​ត្រូវ​គោរពអធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ទៅវិញទៅមក ​គោរពប្រព័ន្ធសង្គម​និងមាគ៌ាអភិវឌ្ឍន៍ដែល​បានជ្រើសរើស​រៀងៗ​ខ្លួន​ ព្រមទាំ​ងគោរព​ផលប្រយោជន៍ស្នូល​និងកង្វល់ធំៗរបស់គូភាគី​ ។
ទី ២ ត្រូវប្រកាន់ខ្ជាប់នូវ​ការ​រួម​រស់​ដោយ​សនិ្តសហវិជ្ជមាន ។ "ប្រទេសចិន រុស្ស៊ី​និង​អាមេរិក​ គួរតែធ្វើ​ជាដៃគូ​និងជាមិត្តភក្តិ ត្រូវជៀសវាងជម្លោះ​និងការប្រឈមមុខដាក់គ្នា ។
ទី ៣ ត្រូវប្រកាន់ខ្ជាប់នូវ​​កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ ប្រទេស​ទាំង​បី​គួរ​ដើរ​តួនាទី​នៃ​​ឧត្តម​ភាព​រៀងៗខ្លួន​ដើម្បី​ផ្លាស់ប្តូរ​ ។ ត្រូវបោះបង់ចោលគំនិតសង្គ្រាមត្រជាក់ ហើយ​ពង្រឹង​​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​និងពាណិជ្ជកម្ម។
ទី ៤ ត្រូវប្រកាន់ខ្ជាប់នូវ​ការសន្ទនានិងការពិគ្រោះពិភាក្សា​ ។ ប្រទេសទាំងបីគួរ​រក្សា​ការ​ទាក់​ទង​ជាន់ខ្ពស់ជាប្រចាំ​និងធានាឱ្យមធ្យោបាយ​សន្ទនា​គ្រប់កម្រិតមានភាពរលូន​។​

លោក Putin ​ប្រធានាធិបតី​រុស្ស៊ីបានថ្លែងថា លោកសូមថ្លែងអំណរគុណចំពោះភាគី​ចិន​ដែលបានរៀបចំកិច្ចប្រជុំរវាងប្រមុខរដ្ឋ​​រុស្ស៊ី ចិន និង​អាមេរិក​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ​។ ភាគីរុស្ស៊ីមានឆន្ទៈធ្វើការ​ជាមួយភាគីចិន និង​ភាគីអាមេរិក ដោយ​ប្រកាន់​ខ្ជាប់​នូវ​ការគោរពគ្នាទៅវិញទៅមក ការសន្ទនា​ដោយ​ស្មើមុខ​ស្មើ​មាត់​ ការរួម​រស់​នៅ​ដោយ​សន្តិសហវិជ្ជមាន​និងការដោះស្រាយការ​ខ្វែងគំនិតគ្នាដោយ​សមរម្យ​ ជំរុញពាណិជ្ជកម្ម​អន្តរជាតិ​ដោយសេរី និងបើកចំហ គាំពារ​សន្តិសុខថាមពល និងស្បៀងអាហារ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​អភិបាលកិច្ច​បញ្ញាសិប្បនិម្មិត​(AI)​ ដើម្បី​រួមគ្នា​រួមចំណែក​ដល់​សន្តិភាពនិង​សន្តិសុខពិភពលោក។

លោក Trump ​ប្រធានាធិបតីអាមេរិកបានថ្លៃងថា កិច្ចជំនួប​រវាង​ប្រមុខរដ្ឋ​នៃ​សហរដ្ឋ​អាមេរិក​​ ចិននិងរុស្ស៊ី គឺជាជំនួបដែលទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោក មានសារៈសំខាន់បំផុត និងបានបង្កើតជាប្រវត្តិសាស្ត្រ។ ប្រទេសទាំង​បី​សុទ្ធតែ​ជា​ប្រទេស​ដែល​មាននុយក្លេអ៊ែរ ហើយមានការទទួលខុសត្រូវពិសេស និងសំខាន់​ក្នុង​ការ​ថែរក្សា​សន្តិភាព​និងស្ថិរភាពពិភពលោក។ ខ្ញុំរំពឹងទុក​ធ្វើការជាមួយលោក Xi Jinping ប្រធានរដ្ឋចិន​និងលោក​ Putin ប្រធានាធិបតីរស្ស៊ី ដើម្បីការពារភពផែនដីរបស់យើងឱ្យកាន់តែល្អ​ប្រសើរ និងធ្វើឱ្យអនាគតកាន់តែមានសុវត្ថិភាព។

លោក ​Xi Jinping ប្រធានរដ្ឋ​ចិន បាន​ថ្លែងក្នុងសុន្ទរកថាបូកសរុបថា ​កិច្ច​ជំនួប​រវាង​ប្រមុខរដ្ឋ​ចិន-​រុស្ស៊ី-អាមេរិកដែលបើកធ្វើ​នៅ​ថ្ងៃនេះទទួលបាន​លទ្ធផលជាផ្លែផ្លា​ ប្រទេស​ទាំងបីមាន​គំនិត​ឯកភាព​រួម​នៅ​លើការគាំពារសន្តិភាពពិភពលោក។ ​ប្រទេស​ទាំងបីត្រូវអនុ​វត្ត​គំនិត​ឯកភាព​រួម​នៃ​កិច្ចជំនួបលើកនេះ បន្តពង្រឹងការប្រាស្រ័យទាក់ទង ប្រមូលផ្តុំ​គំនិត​ឯកភាព​រួមតាមរយៈការសន្ទនា ជំរុញ​សន្តិភាពតាមរយៈកិច្ចសហប្រតិបត្តិការ ដើម្បី​រួមគ្នា​ជំរុញ​​កសាងពិភពលោកឱ្យកាន់តែល្អ​ប្រសើរ។ បន្ទាប់ពីកិច្ចជំនួបលើកនេះ ប្រទេសទាំងបីបានរួមគ្នាចេញផ្សាយ «សេចក្តីប្រកាស សន្តិភាព​នៃ​ប្រមុខរដ្ឋ​នៃប្រទេស​ចិន រុស្ស៊ី​និង​សហរដ្ឋអាមេរិក»៕