FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Xi Jinping ជួបសន្ទនាជាមួយលោក ត្រាំ ប្រធានាធិបតីអាមេរិក

20-11-2026 16:01

(ប៉េកាំង)៖ រសៀលថ្ងៃទី១៩ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក ត្រាំ ប្រធានាធិបតីអាមេរិក ដែលអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅក្រុង Shenzhen។

លោក Xi Jinping បានលើកឡើងថា ទំនាក់ទំនងរវាងចិននិងអាមេរិកមានស្ថិរភាពនិងមានភាពល្អប្រសើរជាទូទៅ បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងដាក់បញ្ចូលស្ថិរភាពនិងភាពប្រាកដប្រជាដល់ពិភពលោក។ខ្ញុំរំពឹងទុកធ្វើការជាមួយលោកប្រធានាធិបតី ដើម្បីបន្តដឹកនាំទិសដៅនៃទំនាក់ទំនងចិន-អាមេរិក និងធានាឱ្យនាវាដ៏ធំនេះបន្តដំណើរទៅមុខតាមផ្លូវនាវាចរណ៍ដ៏ត្រឹមត្រូវ។

លោកបានបន្តទៀតថា ប្រទេសចិននិងអាមេរិកគួរតែពង្រីកបញ្ជីសហប្រតិបត្តិការនិងកាត់បន្ថយបញ្ជីបញ្ហា។ចំពោះបញ្ហាតៃវ៉ាន់ ភាគីអាមេរិកត្រូវចៀសវាងកុំឱ្យកើតមានបញ្ហាធំក្នុងទំនាក់ទំនងរវាងចិននិងអាមេរិក។ភាគីទាំងពីរគួរដោះស្រាយកង្វល់របស់គូភាគី ក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ខិតខំផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យបង្ក្រាបគ្រឿងញៀន ការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ឱ្យត្រឡប់ទៅប្រទេសដើមវិញ និងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ក្រៅពីនេះ ត្រូវបង្ការហានិភ័យសន្តិសុខពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI) និងធានាថា បញ្ញាសិប្បនិម្មិតត្រូវស្ថិតនៅក្រោមការគ្រប់គ្រង របស់មនុស្សជានិច្ច។

ជាការឆ្លើយតប លោកត្រាំបានលើកឡើងថា ភាគីទាំងពីរគួរតែបន្តរក្សានិន្នាការអភិវឌ្ឍន៍នៃទំនាក់ទំនងចិន-អាមេរិកដែលប្រកបដោយស្ថិរភាព បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិផល ថាមពលនិងបញ្ញាសិប្បនិម្មិតជាដើម ដោះស្រាយដោយយុត្តិធម៌នូវកង្វល់របស់គូភាគី។អាមេរិកមិនគាំទ្រ កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យនោះទេ។ អាមេរិកខ្លាំងក្លាណាស់ ហើយប្រទេសចិនក៏ខ្លាំងក្លាដែរ។ប្រទេសទាំងពីរគួរតែរួមគ្នាដឹកនាំនិងជំរុញសន្តិភាពនិងស្ថិរភាពពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន