មីយ៉ាន់ម៉ា ចោទថាសាលក្រមតុលាការ ICJ ពាក់ព័ន្ធសំណុំរឿងប្រល័យពូជសាសន៍ គឺមិនយុត្តិធម៌ (Video inside)
20-11-2026 15:33
(ណៃពិដោ)៖ អ្នកនាំពាក្យប្រធានាធិបតីមីយ៉ាន់ម៉ា នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននិយាយថា សាលក្រមជាប្រវត្តិសាស្ត្ររបស់តុលាការកំពូលនៃអង្គការសហប្រជាជាតិ ដែលសម្រេចថា មីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងជនជាតិរ៉ូហ៊ីងយ៉ា ដែលជាជនជាតិភាគតិចក្នុងប្រទេសរបស់ខ្លួន គឺគ្មានយុត្តិធម៌។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
កាលពីថ្ងៃព្រហស្បតិ៍ តុលាការយុត្តិធម៌អន្តរជាតិ ICJ បានបង្ហាញភស្តុតាងយ៉ាងច្បាស់លាស់ អំពីអំពើឃោរឃៅរបស់មីយ៉ាន់ម៉ា លើជនជាតិរ៉ូហ៊ីងយ៉ា ដែលភាគច្រើនកាន់សាសនាអ៉ីស្លាម ក្នុងអំឡុងប្រតិបត្តិការបង្ក្រាបកាលពីឆ្នាំ២០១៧ នៅរដ្ឋ Rakhine ភាគខាងលិចប្រទេស។ ប្រធានតុលាការបាននិយាយថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានសម្លាប់ជនស៊ីវិលរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ បានប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្ត្រី និងប្រើអំពើហិង្សាធ្ងន់ធ្ងរលើកុមារ។ សាលក្រមនេះគឺជាករណីដំបូងបង្អស់ ដែលរដ្ឋមួយត្រូវបានតុលាការអន្តរជាតិ រកឃើញថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍។
នៅពេលត្រូវបានសាកសួរអំពីសេចក្តីសម្រេចរបស់ ICJ ក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋធានីណៃពិដោ អ្នកនាំពាក្យលោកស្រី Khaing Khaing Soe បានចាត់ទុកសាលក្រមនេះថា មិនយុត្តិធម៌។ លោកស្រី បាននិយាយដូច្នេះថា «ទោះខាងយើងបានខិតខំប្រឹងប្រែងក៏ដោយ ហើយនៅពេលមើលលទ្ធផល យើងឃើញថា មិនមែនចៅក្រមទាំង១៥រូប សុទ្ធតែយល់ស្របនឹងសេចក្តីសម្រេចនេះទេ» ដោយលោកស្រី បានលើកឡើងពីលទ្ធផលបោះឆ្នោត៩គាំទ្រ ទល់នឹង៦ជំទាស់់។ អ្នកនាំពាក្យបន្ថែមថា «ដូច្នេះ នេះមិនមែនជាសេចក្តីសម្រេចជាឯកច្ឆន្ទទេ។ ខ្ញុំយល់ថា វាមិនយុត្តិធម៌ឡើយ»។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ាតែងតែបដិសេធការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ដោយអះអាងថា សកម្មភាពរបស់ខ្លួន មានគោលដៅត្រឹម បង្ក្រាបការបះបោររបស់ក្រុមឧទ្ទាមប្រដាប់អាវុធ បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ បានបណ្តាលឱ្យកងកម្លាំងសន្តិសុខជាច្រើននាក់ស្លាប់។ ប៉ុន្តែសាលក្រមរបស់ ICJ បានច្រានចោលការអះអាងរបស់មីយ៉ាន់ម៉ា ដែលថាខ្លួនធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមបះបោរ។ សាលក្រមបានសង្កត់ធ្ងន់ថា «មិនមានភស្តុតាងណាមួយឡើយនៅចំពោះមុខតុលាការ ដែលបង្ហាញថា ក្នុងអំឡុងប្រតិបត្តិការបោសសម្អាត មីយ៉ាន់ម៉ាបានបែងចែកឱ្យដាច់ពីគ្នារវាងជនស៊ីវិល និងអ្នកប្រយុទ្ធរ៉ូហ៊ីងយ៉ា»៕


