លោក ត្រាំ ដកតំណែងនាយកផ្នែកសាយប័ររបស់សេតវិមាន បន្ទាប់ពីភាពចលាចលប្រព័ន្ធបច្ចេកវិទ្យា បង្កការរិះគន់ខ្លាំង
20-11-2026 15:06
(វ៉ាស៉ីនតោន)៖ លោក Sean Cairncross នាយកទទួលបន្ទុកកិច្ចការសាយប័រថ្នាក់ជាតិប្រចាំសេតវិមាន ត្រូវបានដកតំណែង ប៉ុន្មានថ្ងៃ បន្ទាប់ពីបញ្ហាដាច់រអាក់រអួលផ្នែកបច្ចេកវិទ្យា បង្កផលប៉ះពាល់ដល់វិស័យដឹកជញ្ជូនផ្លូវអាកាស ធនាគារ និងប្រព័ន្ធសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោកកំពុងត្រួតពិនិត្យបញ្ហានេះ ខណៈប្រឈមការរិះគន់កាន់តែខ្លាំងឡើង ពាក់ព័ន្ធរបៀបដោះស្រាយបញ្ហារអាក់រអួលផ្នែកប្រព័ន្ធបច្ចេកវិទ្យាជាបន្តបន្ទាប់ ក្នុងរយៈពេលមួយសប្តាហ៍មកនេះ។ បញ្ហារួមមានការដាច់ប្រព័ន្ធកុំព្យូទ័រជាសកល ប៉ះពាល់ដល់អ្នកប្រើប្រាស់កម្មវិធីនានារបស់ក្រុមហ៊ុន Microsoft រាប់រយលាននាក់ និងការផ្អាកជើងហោះហើរទូទាំងប្រទេសជាដើម។
បុគ្គលម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងសេតវិមាន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក Cairncross មានតួនាទីពិនិត្យគោលនយោបាយ និងយុទ្ធសាស្ត្រសន្តិសុខតាមអ៉ីនធឺណិតនៅទូទាំងរដ្ឋាភិបាលសហព័ន្ធ។ អ្នកស្រី Kirsten Davies ប្រធានការិយាល័យព័ត៌មាននៃក្រសួងការពារជាតិ នឹងចូលកាន់តំណែងនេះជាបណ្តោះអាសន្ន។
ប្រភពដដែលបញ្ជាក់ថា ប្រធានាធិបតី ដូណាល់ ត្រាំ គាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចដកតំណែងនេះ។ ការបញ្ឈប់លោក Cairncross គឺជាចំណាត់ការដំបូងរបស់រដ្ឋបាលលោក ត្រាំ ចាប់តាំងពីមានហេតុការណ៍រអាក់រអួលប្រព័ន្ធនានាមក។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃព្រហស្បតិ៍ លោក Cairncross និយាយថាការបានបម្រើការងារនៅក្នុងរដ្ឋបាលលោក ត្រាំ គឺជា «កិត្តិយសដ៏ធំបំផុតមួយក្នុងជីវិត»៕
