ចិន និងរុស្ស៊ី ចេញផ្សាយ «សេចក្ដីប្រកាសសន្តិភាព» ក្រោយជំនួបត្រីភាគីជាប្រវត្តិសាស្ត្រ
19-11-2026 22:36
(សិនជិន)៖ ប្រទេសចិន និងរុស្ស៊ី បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឯកភាពគ្នាលើ «សេចក្ដីប្រកាសសន្តិភាព» មួយនៅក្នុងជំនួបត្រីភាគីជាប្រវត្តិសាស្ត្រ ដោយអះអាងជាថ្មីថា សង្គ្រាមនុយក្លេអ៊ែរមិនត្រូវកើតឡើងជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងសេចក្ដីប្រកាសដែលផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua និងវិមានក្រឹមឡាំង មេដឹកនាំទាំង ៣ បានប្ដេជ្ញាជំរុញកំណែទម្រង់អង្គការសហប្រជាជាតិ បង្កើនការផ្គត់ផ្គង់ផលិតផលប្រេងចម្រាញ់សម្រាប់ប្រទេសទាំងអស់ និងរក្សាការពារអភ័យឯកសិទ្ធិរបស់មន្ត្រីរដ្ឋនៅចំពោះមុខតុលាការអន្តរជាតិ ខណៈតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ធ្លាប់ចេញដីកាចាប់ខ្លួនលោក ពូទីន និងមន្ត្រីរុស្ស៊ី ៥ នាក់ទៀត។ លោក ចូណាថាន់ អាយ៉ាល់ (Jonathan Eyal) នាយកអន្តរជាតិនៃវិទ្យាស្ថាន RUSI នៅទីក្រុងឡុងដ៍ បានលើកឡើងថា «ការប្រឆាំងនឹងបទដ្ឋាន និងតុលាការអន្តរជាតិគឺជាចំណុចគួរឱ្យចាប់អារម្មណ៍បំផុត ពោលគឺមហាអំណាចធំៗជាអ្នកកំណត់ រីឯប្រទេសតូចៗជាអ្នករងគ្រោះ» ដោយលោកបន្ថែមថា លោក ពូទីន «ទទួលបានភាពជឿជាក់ និងរួចផុតពីឋានៈជាជនឯកោអន្តរជាតិ» ចំណែកលោក ត្រាំ វិញ «ទទួលបានត្រឹមឱកាសថតរូបដែលលោកមិនចាំបាច់ត្រូវការ»។ ក្រោយបញ្ចប់ជំនួបនៅវិមាន Kylin លោក ត្រាំ បានឡើងយន្តហោះត្រឡប់ទៅសហរដ្ឋអាមេរិកវិញដោយមិនបានថ្លែងអត្ថាធិប្បាយអ្វីឡើយ ខណៈដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃនៅអាស៊ីរបស់លោកទទួលបានលទ្ធផលជាក់ស្ដែងតិចតួច និងបានបង្កក្ដីបារម្ភដល់សម្ព័ន្ធមិត្តអាមេរិកជុំវិញទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយលោក ពូទីន។
គួរបញ្ជាក់ថា ជំនួបកំពូលត្រីភាគីនៅវិមាន Kylin នាទីក្រុងសិនជិន កើតឡើងចំពេលដែលប្រទេសទាំង ៣ នៅមានការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅលើសង្គ្រាមអ៊ុយក្រែន ជម្លោះអ៊ីរ៉ង់ ការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងពាណិជ្ជកម្ម រួមទាំងភាពតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់ និងការបង្វែរទិសដៅបន្ទះឈីប Nvidia ទៅប្រទេសចិន។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ស៊ី បានរៀបចំពិធីទទួលស្វាគមន៍លោក ត្រាំ យ៉ាងអធិកអធមដល់ព្រលានយន្តហោះជាលើកដំបូង ដែលផ្ទុយស្រឡះពីការទទួលស្វាគមន៍ធម្មតាចំពោះលោក ពូទីន និងដោយមិនមានពិធីទទួលស្វាគមន៍ឡើយសម្រាប់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) ខណៈទំនាក់ទំនងទីក្រុងតូក្យូ-ប៉េកាំងកំពុងល្អក់កករតាំងពីឆ្នាំ២០២៥៕


