FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ ថាអាមេរិកនឹង «រង់ចាំមើលអ្វីដែលកើតឡើង» ក្នុងជម្លោះជាមួយអ៊ីរ៉ង់ក្រោយថ្ងៃទី១ ខែមករា

19-11-2026 21:16

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងក្នុងបទសម្ភាសន៍ដែលចាក់ផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកនឹង «រង់ចាំមើលអ្វីដែលកើតឡើង» ក្នុងជម្លោះជាមួយប្រទេសអ៊ីរ៉ង់បន្ទាប់ពីថ្ងៃទី១ ខែមករា ដោយមិនបានបញ្ជាក់ពីអត្ថន័យជាក់លាក់នៃកាលបរិច្ឆេទនោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News អំឡុងដំណើរទស្សនកិច្ចនៅប្រទេសចិន លោក ត្រាំ បានលើកឡើងថា «យើងនឹងឈានចូលឆ្នាំថ្មីខាងមុខនេះ ហើយយើងនឹងរង់ចាំមើលអ្វីដែលកើតឡើងក្រោយថ្ងៃទី១ ខែមករា ប៉ុន្តែពួកគេពិតជាអាក្រក់ណាស់»។ ឆ្លើយតបនឹងសំណួរអំពីសេចក្ដីរាយការណ៍របស់ទូរទស្សន៍ CNN ដែលថាអ៊ីរ៉ង់គ្រោងបំផ្ទុះ «គ្រាប់បែកកខ្វក់» (dirty bomb) ដែលប្រើរំសេវផ្ទុះធម្មតាដើម្បីបាចសារធាតុវិទ្យុសកម្មនៅរដ្ឋធានីវ៉ាស៊ីនតោន លោក ត្រាំ ហាក់បន្ថយក្ដីបារម្ភដោយឆ្លើយថា «ខ្ញុំមិនគិតដូច្នោះទេ» ចំពោះសំណួរថាតើពលរដ្ឋក្នុងរដ្ឋធានីគួរព្រួយបារម្ភឬយ៉ាងណា។ ទោះជាយ៉ាងណា លោកបានអះអាងដោយមិនបញ្ជាក់លម្អិតថា មានសញ្ញាបង្ហាញថាអ៊ីរ៉ង់កំពុងសម្លឹងរកអាវុធគីមី ឬអាវុធជីវសាស្ត្រ ក្រោយពេលអាមេរិកបានរាំងខ្ទប់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ក៏បានបញ្ជាក់កាលពីថ្ងៃពុធដែរថា លោកមិនគិតថាមានការគំរាមកំហែងភ្លាមៗណាមួយដល់រដ្ឋធានីវ៉ាស៊ីនតោនឡើយ ខណៈអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានច្រានចោលរបាយការណ៍របស់ CNN ថាជា «រឿងគ្មានមូលដ្ឋាន»។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ លោក ត្រាំ បានផ្លាស់ប្ដូរជំហរទៅវិញទៅមករវាងការគំរាមបង្កើនការវាយប្រហារលើអ៊ីរ៉ង់ និងការបង្ហាញសញ្ញាបន្ធូរបន្ថយអរិភាព ខណៈភាគីទាំង ២ នៅតែជាប់គាំងក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមដែលផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមហេតុផលរបស់អាមេរិក និងអ៊ីស្រាអែលដើម្បីកម្ទេចកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលទីក្រុងតេហេរ៉ង់តែងតែបដិសេធ។ ទន្ទឹមនឹងនេះ មន្ត្រីអ៊ីស្រាអែល ២ នាក់បានឱ្យដឹងថា អ៊ីស្រាអែលបានបញ្ជូនព័ត៌មានចារកម្មទៅអាមេរិកក្នុងរយៈពេល ២ សប្ដាហ៍ចុងក្រោយជុំវិញការបង្កើនសមត្ថភាពយោធា និងការអភិវឌ្ឍអាវុធគីមីរបស់អ៊ីរ៉ង់ ហើយប្រធានទីភ្នាក់ងារចារកម្ម Mossad លោក រ៉ូម៉ាន់ ហ្គោហ្វម៉ាន់ (Roman Gofman) ក៏បានធ្វើដំណើរទៅអាមេរិកដើម្បីជំរុញឱ្យមានការបើកការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ឡើងវិញផងដែរ៕