FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការយុត្តិធម៌អន្តរជាតិ រកឃើញថាកងកម្លាំងមីយ៉ាន់ម៉ាសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់

19-11-2026 18:54

(ឡាអេ)៖ ក្រុមចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានសម្លាប់សមាជិកក្រុមជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ និងបានប្រព្រឹត្តអំពើហិង្សាផ្លូវភេទយ៉ាងទូលំទូលាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងអំឡុងការប្រកាសសាលក្រមនៅទីក្រុងឡាអេ តុលាការកំពូលរបស់អង្គការសហប្រជាជាតិមួយនេះបានគូសបញ្ជាក់ថា «តុលាការរកឃើញថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានសម្លាប់ជនស៊ីវិលរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ ប្រព្រឹត្តអំពើហិង្សាផ្លូវភេទជាទ្រង់ទ្រាយធំ ព្រមទាំងអំពើហិង្សាដ៏ធ្ងន់ធ្ងរប្រឆាំងនឹងកុមារ និងបានវាយប្រហារលើជនជាតិរ៉ូហ៊ីងយ៉ា ខណៈពួកគេព្យាយាមភៀសខ្លួនក្នុងចំនួនដ៏ច្រើនទៅកាន់ប្រទេសបង់ក្លាដែស»។ ប្រធានតុលាការយុត្តិធម៌អន្តរជាតិ លោក យូជី អ៊ីវ៉ាសាវ៉ា (Yuji Iwasawa) បានថ្លែងក្នុងសាលប្រជុំធំនៃតុលាការថា ភស្តុតាងនានាបានបង្ហាញពីការសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ ១០ ០០០ នាក់។

គួរបញ្ជាក់ថា ប្រទេសហ្គាំប៊ីបានដាក់ពាក្យប្ដឹងសំណុំរឿងប្រវត្តិសាស្ត្រនេះកាលពីឆ្នាំ២០១៩ ក្រោមអនុសញ្ញាប្រឆាំងអំពើប្រល័យពូជសាសន៍ឆ្នាំ១៩៤៨ ពាក់ព័ន្ធនឹងប្រតិបត្តិការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាក្នុងរដ្ឋរ៉ាឃីនកាលពីខែសីហា ឆ្នាំ២០១៧ ដែលបានបង្ខំឱ្យជនជាតិរ៉ូហ៊ីងយ៉ាជាង ៧០០ ០០០ នាក់ភៀសខ្លួនទៅប្រទេសបង់ក្លាដែស។ បច្ចុប្បន្ន ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណ ១,២ លាននាក់កំពុងរស់នៅក្នុងជំរំ Cox's Bazar ក្នុងប្រទេសបង់ក្លាដែស ខណៈមីយ៉ាន់ម៉ាបានការពារសកម្មភាពរបស់ខ្លួនថា ជាប្រតិបត្តិការប្រឆាំងភេរវកម្មស្របច្បាប់ ដែលមិនមែនជាអំពើប្រល័យពូជសាសន៍ឡើយ៕