ភាពយន្តភាគខ្លី AI «ពេលវេលានៅប៉េកាំងរបស់នាង» ទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់ទស្សនិកជនកម្ពុជា
19-11-2026 17:40
(ប៉េកាំង)៖ នៅក្នុងបរិបទដែលការផ្លាស់ប្តូរប្រជាជន និងវប្បធម៌រវាងកម្ពុជា និងចិនកំពុងបន្តកាន់តែស៊ីជម្រៅ ភាពយន្តភាគខ្លី AI ចំនួន ៨ភាគ ចំណងជើងថា «ពេលវេលានៅប៉េកាំងរបស់នាង» បានចាប់ផ្តើមចាក់ផ្សាយជាផ្លូវការចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦មក ដោយត្រូវបានចាក់ផ្សាយព្រមៗគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗក្នុងប្រទេសកម្ពុជា រួមមាន ទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍អប្សរា និងបណ្តាញសារព័ត៌មាន Fresh News ជាដើម ។ ភាពយន្តនេះបានយកតួអង្គអប្សរាដែលប្រជាជនកម្ពុជាគ្រប់គ្នាស្គាល់យ៉ាងច្បាស់ធ្វើជាតួឯក ដោយប្រើប្រាស់សាច់រឿងបែបវេទមន្តអច្ឆរិយៈ ដើម្បីបង្ហាញពីឧបនិស្ស័យដ៏ល្អបវររវាងប្រទេសកម្ពុជា និងចិន។ គិតមកទល់បច្ចុប្បន្ន ភាពយន្តភាគនេះទទួលបានចំនួនអ្នកចូលទស្សនាសរុបជិត ១០លានដងនៅលើបណ្តាញសង្គមFacebook និងទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់ទស្សនិកជនកម្ពុជា។
តាមការឱ្យដឹង ភាពយន្តភាគខ្លី «ពេលវេលានៅប៉េកាំងរបស់នាង» បានរៀបរាប់ពីដំណើររឿងអច្ឆរិយៈឆ្លងភពមួយគឺ៖ ទេពអប្សរាកម្ពុជា ដែលបានលង់លក់អស់រយៈពេលជិតមួយពាន់ឆ្នាំ បានភ្ញាក់ដឹងខ្លួនឡើងវិញពីរូបបដិមាសំរឹទ្ធ ហើយបានទៅដល់ទីក្រុងប៉េកាំងប្រទេសចិននៅសម័យទំនើបដោយចៃដន្យ។
ដោយសារតែនាងទេពអប្សរាមិនចេះភាសាចិន នាងបានជួបប្រទះនឹងឧបសគ្គគ្រប់ទីកន្លែងនៅក្នុងទីក្រុងដ៏ចម្លែកនេះ ប៉ុន្តែដោយសារឧបនិស្ស័យចៃដន្យ នាងបានស្គាល់គ្នាជាមួយស៊ៀវរួន ដែលជានិស្សិតទើបបញ្ចប់ការសិក្សាជំនាញភាសាខ្មែរ។ បន្ទាប់មក អ្នកទាំងពីរបានរួមដំណើរជាមួយគ្នា ទៅទស្សនាតំបន់ល្បីៗក្នុងទីក្រុងប៉េកាំង ដូចជា វត្តYonghe វិមានឋានសួគ៌ វិថីឈានមិន និងសហគមន៍សិល្បៈ ៧៩៨ជាដើម ដើម្បីរួមគ្នាស្វែងរកចំណុចប្រសព្វនៃពេលវេលា និងលំហ ដែលអាចឱ្យទេពអប្សរាយាងត្រឡប់ទៅកាន់ទឹកដីកំណើតវិញបាន។
ទេសភាព និងវប្បធម៌នៃទីក្រុងប៉េកាំងរបស់ប្រទេសចិន បានរំលឹកនូវការចងចាំរបស់ទេពអប្សរាអំពីប្រាសាទអង្គរវត្ត និងភ្នំបាខែងជាដើម។ អ្នកទាំងពីរនាក់ ចាប់ផ្តើមពីការមិនស្គាល់គ្នាពីដំបូង ឆ្លងកាត់ការសម្របខ្លួនជាមួយគ្នា បានកសាងទំនុកចិត្ត និងចំណងមិត្តភាពបន្តិចម្តងៗ។ នៅក្នុងពិព័រណ៍ពិសេសតាំងបង្ហាញវត្ថុបុរាណកម្ពុជាដែលរៀបចំឡើងនៅសហគមន៍សិល្បៈ ៧៩៨ ទេពអប្សរាបានឃើញរូប បដិមាសំរឹទ្ធរបស់ខ្លួន ហើយទីបំផុតក៏បានយល់ច្បាស់ពីមូលហេតុដែលនាងឆ្លងកាត់ភ្នំ និងសមុទ្រទៅដល់ទីក្រុងប៉េកាំង។ នៅចុងបញ្ចប់នៃសាច់រឿង ទេពអប្សរាបានវិលយាងត្រឡប់ចូលទៅក្នុងរូប បដិមាសំរឹទ្ធវិញ ចំណែកឯក្នុងចិត្តរបស់ នាងស៊ៀវរួន ក៏បានដុះពន្លកនៃបំណងប្រាថ្នាចង់ទៅទស្សនាប្រាសាទអង្គរវត្ត ដែលនេះបានបង្កប់នូវមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ និងការស្រឡាញ់រាប់អានគ្នាទៅវិញទៅមករវាងយុវជននៃប្រទេសទាំងពីរ។
ភាពយន្តភាគខ្លីនេះមានភាពក្លាហានក្នុងការច្នៃប្រឌិតថ្មីលើវិធីសាស្ត្រសោតទស្សន៍ ដោយបានរួមបញ្ចូលគ្នារវាងគំនូរជីវចល និងមនុស្សពិតបែបសិប្បនិម្មិត ដើម្បីបង្កើតបទពិសោធន៍ទស្សនាដ៏ទាក់ទាញ និងមានឥទ្ធិពល។ ក្រុមការងារផលិតភាគីចិន បានយកចិត្តទុកដាក់ខ្ពស់ចំពោះភាពសុក្រឹតនៃវប្បធម៌កម្ពុជា ដោយបានធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់ទៅលើតួអង្គទេវកថា និងភាពលម្អិតផ្នែកវប្បធម៌ ហើយមានក្រុមការងារបច្ចេកទេសជំនាញមកផលិត ដើម្បីធានាបាននូវការបង្ហាញសាច់រឿង និងគុណភាពនៃស្នាដៃ ភាពយន្តសម្រេច។
អ្នកនិយមលេងប្រព័ន្ធបណ្តាញសង្គមកម្ពុជាជាច្រើនបានបញ្ចេញមតិថា ភាពយន្តនេះផលិតឡើងយ៉ាងផ្ចិតផ្ចង់ និងមានគុណភាពខ្ពស់ ដោយតាមរយៈក្រសែភ្នែករបស់ទេពអប្សរា ទស្សនិកជនអាចគយគន់សម្រស់ទេសភាពទីក្រុងប៉េកាំង ប្រទេសចិននាសម័យទំនើប ព្រមទាំងទទួលអារម្មណ៍ពីមិត្តភាពដ៏សាមញ្ញ និងជ្រាលជ្រៅរវាងប្រជាជនកម្ពុជា និងចិនតាមរយៈសាច់រឿងដ៏កក់ក្តៅនេះ ដែលបានបង្កើតជា មធ្យោបាយផ្សព្វផ្សាយដ៏ថ្មីសន្លាង និងរស់រវើកសម្រាប់ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌រវាងប្រទេសទាំងពីរ៕
វិទ្យុមិត្តភាពកម្ពុជាចិន
