លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់អំពីការងារមនុស្សចាស់
19-11-2026 17:39
(ប៉េកាំង)៖ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ ចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ណែនាំសំខាន់អំពីការងារមនុស្សវ័យចាស់នាពេលថ្មីៗនេះ ។ លោកបានលើកឡើងថា ចាប់តាំងពីសមាជបក្សកុម្មុយនីសចិនលើកទី ១៨មក ការងារមនុស្សវ័យចាស់របស់ចិនទទួលបានវឌ្ឍនភាព និងសមិទ្ធផលថ្មី កិច្ចការថែទាំមនុស្សចាស់និងឧស្សហកម្មពាក់ព័ន្ធទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយអារម្មណ៍នៃការទទួលបាន អារម្មណ៍សុភមង្គល និងសុវត្តិភាពផ្លូវចិត្តរបស់មនុស្សចាស់បានកើនឡើងជាលំដាប់។
លោក Xi Jinping បានសង្កត់ធ្ងន់ថា នៅក្នុងដំណើរថ្មី ប្រទេសចិនត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវយុទ្ធសាស្ត្រជាតិដើម្បីដោះស្រាយ បញ្ហាកើនឡើងនៃក្រុមមនុស្សចាស់ដោយចាត់ទុកគំនិតសង្គមនិយម ដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីជាគោលការណ៍ណែនាំប្រកាន់ខ្ជាប់នូវការចូលរួមសម្របសម្រួល និងសហការគ្នាពីសំណាក់រដ្ឋាភិបាល ទីផ្សារ សង្គម និងក្រុមគ្រួសារ ពង្រឹងរបបសន្តិសុខសង្គម សម្រាប់មនុស្សចាស់ សេវាថែទាំមនុស្ស ចាស់ សេវាសុខាភិបាល និងការចូលរួមរបស់សង្គម ។ លើសពីនេះ ត្រូវខិតខំប្រឹងប្រែង អភិវឌ្ឍសេដ្ឋកិច្ចពណ៌ប្រាក់(សេដ្ឋកិច្ចមនុស្សចាស់) ដើម្បីបង្កើតបរិយាកាសដែលផ្តល់តម្លៃ និងគោរពចំពោះមនុស្សចាស់ កសាងសង្គមដែលផ្តល់ភាពងាយស្រួល ដល់មនុស្សវ័យចាស់ ដើម្បីធ្វើឱ្យមនុស្សចាស់មានជីវភាពកាន់តែមានសុភមង្គល៕
វិទ្យុមិត្តភាពកម្ពុជាចិន
