FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តើចិនបានដើរតួនាទីអ្វីខ្លះនៅក្នុងអង្គការ APEC ដែលជាយុថ្ការក្សាលំនឹងសេដ្ឋកិច្ចសកល?

19-11-2026 16:57

(ប៉េកាំង)៖ អង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថា APEC ជាយន្តការសហប្រតិបត្តិការសេដ្ឋកិច្ច ដែលមានកម្រិតខ្ពស់បំផុត គ្របដណ្តប់លើវិស័យធំទូលាយបំផុតនិងមានឥទ្ធិពលខ្លាំងបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ APEC ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ការគាំទ្រចំពោះកំណើនជានិរន្តរភាពនិងវិបុលភាពនៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក , ក​សាងមហាគ្រួសារអាស៊ី-ប៉ាស៊ីហ្វិកដែលមានភាពរស់រវើកនិងចុះសម្រុងគ្នា និងគាំពារសេរីភាពនិងការបើកទូលាយផ្នែកពាណិជ្ជកម្ម និងការវិនិយោគនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

អង្គភាពសេដ្ឋកិច្ចទាំង២១ របស់ APEC មានចំនួនប្រជាជនជិតស្មើនឹង៤០ ភាគរយនៃចំនួនប្រជាជនសរុបនៅទូទាំងពិភពលោក ហើយនៅឆ្នាំ២០២៥ បានរួមចំណែកចំនួន៦១.៦២%ដល់ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ បើទោះជាស្ថិតក្នុងបរិបទ ដែលជម្លោះសេដ្ឋកិច្ចសកលឡើងកម្តៅ ហើយភាពមិនប្រាកដប្រជាខាងក្រៅបានកើនឡើងក្តី ក៏កំណើនសេដ្ឋកិច្ចរបស់ APEC ក្នុងឆ្នាំ២០២៥ មានចំនួន៣.០៦% ដែលខ្ពស់ជាងកម្រិតមធ្យមនៃពិភពលោកដែលមានត្រឹមតែ២.៩២%។

អ្វីដែលគួរឱ្យកត់សម្គាល់ APEC គឺជាដៃគូពាណិជ្ជកម្មក្រៅប្រទេសដ៏សំខាន់បំផុតរបស់ប្រទេសចិន ដែលបច្ចុប្បន្នមានអង្គភាពសេដ្ឋកិច្ចចំនួ​ន១៣ របស់ APEC បានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសចិន។ តាមស្ថិតិរបស់អគ្គរដ្ឋបាលគយចិន នៅ៩ ខែដើមឆ្នាំ២០២៦ នេះ ទំហំនាំចេញនាំចូលរវាងប្រទេសចិនជាមួយនឹងអង្គភាពសេដ្ឋកិច្ចដទៃទៀតរបស់ APEC ត្រូវជា២៤.០៧ ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង២៣.៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយស្មើនឹង៦០.៣% នៃទំហំនាំចេញនាំចូលសរុប​របស់ចិន ដែលជាកំណត់ត្រាកំណើនខ្ពស់បំផុតក្នុងរយៈពេល៥ ឆ្នាំកន្លងទៅនេះ។

ជាពិសេស ស្របនឹងខណៈពេលដែលប្រទេសចិនទទួលបានសមិទ្ធផលថ្មីផ្នែកនវានុវត្តន៍ខាងបច្ចេកវិទ្យា កំណើនប្រភេទពាណិជ្ជកម្មថ្មី បានលេចចេញជាបន្តបន្ទាប់។ ប្រទេសចិននិងអង្គភាពសេដ្ឋកិច្ចដទៃទៀតនៃ APEC បានរួមគ្នាបង្កើតជាខ្សែសង្វាក់សហប្រតិបត្តិការ ផ្នែកនវានុវត្តន៍ដែលបំពេញបន្ថែមឧត្តមភាពទៅវិញទៅមកក្នុងវិស័យអេឡិចត្រូនិក រថយន្ត និងការផលិតបរិក្ខារជាដើម ដែលបានជំរុញកំណើនពាណិជ្ជកម្មទៅវិញទៅមកក្នុងវិស័យផលិតផលបច្ចេកវិទ្យាខ្ពស់។

ក្នុងឆ្នាំ២០២៥ កម្រិតនៃកិច្ចសម្រួលពាណិជ្ជកម្មរវាងចិននិងបណ្តាអង្គភាពសេដ្ឋកិច្ចដទៃទៀតរបស់ APEC ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ មានដូចជាការដំឡើងកម្រិតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានដល់៣.០ , ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចដែលចុះហត្ថលេខា ទទួលស្គាល់គ្នាទៅវិញទៅមកនូវកម្មវិធី AEO (ប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត) រយៈពេលសម្រាប់ការបំពេញបែបបទគយត្រូវបានកាត់បន្ថយចំនួន៣០%-៥០% , ប្រសិទ្ធភាពនៃធុរកិច្ចអេឡិចត្រូនិកឆ្លងដែន ត្រូវបានលើកកម្ពស់២០% ដែលបានកាត់បន្ថយថ្លៃដើមរហូតដល់ទៅ៣០%-៤០%។

ក្រៅពីវិស័យពាណិជ្ជកម្ម ប្រទេសចិនក៏បានពង្រីកជាបន្តបន្ទាប់នូវគោលនយោបាយលើកលែងទិដ្ឋាការចំពោះអង្គភាពសេដ្ឋកិច្ចដទៃទៀតរបស់ APEC ដើម្បីសម្រួលដល់ការទៅមករវាងប្រជាជនចិននិងប្រជាជននៃសមាជិកដទៃទៀតរបស់ APEC។ គិតរហូតដល់ខែវិច្ឆិកាឆ្នាំនេះ ប្រទេសចិនបានសម្រេចការលើកលែងទិដ្ឋាការទៅវិញទៅមកសម្រាប់លិខិតឆ្លងដែនធម្មតារបស់សមាជិក APEC ដទៃទៀតមានដូចជាប្រទេសរុស្ស៊ី សិង្ហបុរី ថៃ និងម៉ាឡេស៊ីជាដើម។ ក្រៅពីនេះ ការតភ្ជាប់គ្នាខាងហេដ្ឋារចនាសម្ព័ន្ធ គឺជាគន្លឹះនៃកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ឆ្លងតាមរយៈការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ» ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងរបស់ឥណ្ឌូណេស៊ីបានដឹកអ្នកដំណើរសរុបលើសពី១៨ លានាក់, ការដ្ឋានសាងសង់ផ្លូវដែកនៅតាមឆ្នេរសមុទ្រខាងកើតរបស់ម៉ាឡេស៊ីបាននិងកំពុងដំណើរការទៅមុខ, កំពង់ផែ Chancay របស់ប្រទេសប៉េរូបានពន្លឿនពាណិជ្ជកម្មឆ្លងមហាសមុទ្រ។ល។

គម្រោងនីមួយៗដែលរួមចំណែកសាងសង់ដោយប្រទេសចិន បានផ្តល់នូវកម្លាំងចលករជាបន្តបន្ទាប់សម្រាប់កិច្ចហប្រតិបត្តិការក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលជាចំណងរឹតបន្តឹងការអភិវឌ្ឍដោយបន្ស៊ីគ្នា និងការផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ យ៉ាងណាមិញ ក្នុងបរិបទនៃបម្រែបម្រួលនិម្មាបនកម្មពិភពលោកដ៏ស្មុគស្មាញ នាពេលបច្ចុប្បន្ន បញ្ហាដែលយន្តការ APEC ត្រូវប្រឈមមិនត្រឹមតែជារឿងសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រពៃណីនោះទេ ដូច្នេះ កិច្ចប្រជុំកំពូល APEC ដែលបើកធ្វើនៅក្រុង Shenzhen ប្រទេសចិនលើកនេះគឺដើម្បីស្វែករកដំណោះស្រាយ ចំពោះបញ្ហារអាក់រអួលខាងខ្សែសង្វាក់ផ្តត់ផ្គង់ និងខ្សែសង្វាក់ឧស្សាហកម្មសកល ដែលរងផលប៉ះពាល់ពីសង្គ្រាមឬកត្តាផ្សេងទៀត ជំរុញការប្រើប្រាស់ថាមពលស្អាត ដើម្បីឆ្លើយតបការប្រែប្រួលអាកាសធាតុ ជំរុញការអភិវឌ្ឍបញ្ញាសិប្បនិម្មិតក្នុងផ្លូវសុចរិត និងជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន ដើម្បីទទួលបានកំណើនជានិរន្តរភាពជាដើម។

អ្វីដែលសហគមន៍អន្តរជាតិរំពឹងទុកខ្លាំង គឺកិច្ចជំនួបត្រីភាគីរវាងប្រមុខរដ្ឋចិន រុស្ស៊ីនិងអាមេរិក។ ប្រការដែលថ្នាក់ដឹកនាំនៃអង្គភាពសេដ្ឋកិច្ចធំៗ អង្គុយចរចាទល់មុខគ្នា វានឹងបង្កើនការយល់ដឹងនិងទំនុកចិត្តចំពោះគ្នា ក្នុងន័យរួមគ្នាជំរុញការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ យើងអាចជឿជាក់បានថា ស្របនឹងពេលដែលបណ្តាសមាជិកខិតខំរួមគ្នាកសាង សហគមន៍ជោគវាសនារួមអាស៊ី-ប៉ាស៊ីហ្វិក អង្គការ APEC នឹងបន្តដើរតួនាទីសំខាន់សម្រាប់ជំរុញពហុភាគីនិយម ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចពិភពលោកជាក់ជាមិនខាន៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន