FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ ប្រាប់លោក ស៉ី និងលោក ពូទីន៖ «ក្នុងនាមជាកំពូលមហាអំណាចទាំង៣ យើងមានទំនួលខុសត្រូវពិសេស មិនមែនសម្រាប់ត្រឹមប្រជាជនយើងទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល»

19-11-2026 16:35

(សិនជិន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកកំពុងកំណត់ទិសដៅថ្មី ក្នុងគោលនយោបាយការបរទេស តាមរយៈការជួបពិភាក្សារួមគ្នាជាលើកដំបូង ជាមួយសមភាគីរុស្ស៊ី និងចិន នាថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មាន CNN នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

ថ្លែងនៅដើមកិច្ចពិភាក្សាត្រីភាគីជាប្រវត្តិសាស្ត្រ នៅទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន លោកប្រធានាធិបតីអាមេរិក បាននិយាយដូច្នេះថា «ក្នុងនាមជាប្រធានាធិបតីនៃប្រទេសធំបំផុតទាំង៣របស់ពិភពលោក យើងមានការទទួលខុសត្រូវពិសេស ក្នុងការរក្សាកិច្ចសន្ទនាដែលបើកចំហ មានការគោរព និងប្រសិទ្ធភាព លើបញ្ហាដែលប៉ះពាល់មិនត្រឹមតែប្រជាជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែលើពិភពលោកទាំងមូល។ ជារឿយៗ មេដឹកនាំមុនៗ បានចៀសវាងការពិភាក្សាជាមួយប្រទេសដែលពួកគេមានការខ្វែងគំនិតគ្នា ប៉ុន្តែយើងមានទស្សនៈផ្ទុយពីនេះ ហើយយើងជឿជាក់លើជំហររបស់យើង»។

លោក ត្រាំ បានបន្ថែមថា «មិនដែលមានបញ្ហាណាមួយត្រូវបានដោះស្រាយឡើយ» តាមរយៈការបដិសេធមិនពិភាក្សា ជាមួយមេដឹកនាំដទៃ ដែលខ្វែងគំនិតជាមួយយើង។ ដូច្នេះ មិនដែលមានសន្តិភាពណាមួយ ត្រូវបានសម្រេចឡើយ ដោយការបដិសេធឱកាសចូលរួមពិភាក្សា និងជួបសន្ទនាគ្នានោះ។ យើងកំពុងជ្រើសរើសទិសដៅថ្មីមួយ»។

លោក ត្រាំ បានលើកឡើងថា បញ្ហារំសាយអាវុធនុយក្លេអ៊ែរ នឹងស្ថិតក្នុងចំណោមប្រធានបទ ដែលត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនេះ ទោះបីជាលោកទទួលស្គាល់ថា ការបញ្ចុះបញ្ចូលប្រទេសមួយឱ្យបោះបង់ចោលអាវុធរបស់ខ្លួន គឺជារឿងពិបាកក៏ដោយ។ លោកប្រធានាធិបតី ក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរថា ដំណោះស្រាយចំពោះសង្គ្រាមនៅអ៊ុយក្រែន អាចនឹងសម្រេចបានក្នុងពេលឆាប់ៗខាងមុខ។

គួរបញ្ជាក់ថា ទោះបីជាការរំពឹងទុកចំពោះការសម្រេចបាននូវវឌ្ឍនភាពធំដុំ កើតចេញពីកិច្ចប្រជុំថ្ងៃនេះ មានកម្រិតទាបក៏ដោយ លោក ត្រាំ បង្ហាញជំនឿចិត្តថា លទ្ធផលសំខាន់ នៅតែអាចកើតមានឡើង។ បើតាមវិមានក្រឹមឡាំង ជំនួបត្រីភាគីរវាងលោក ពូទីន​ លោក ស៉ី និង លោក ត្រាំ ត្រូវបានកំណត់ថា នឹងមានរយៈពេលមិនលើសពី៦០នាទី នោះទេ៕