លោក ស៊ី ជីនពីង អំពាវនាវឱ្យចិន រុស្ស៊ី និងអាមេរិក គួរធ្វើជាគំរូនៃកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបបញ្ហាប្រឈមសកល ហើយរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពពិភពលោក (Video inside)
19-11-2026 16:33
(សិនជិន)៖ ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំត្រីភាគី ដែលអន្តរជាតិទន្ទឹងរង់ចាំយ៉ាងខ្លាំង នាថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានលើកឡើងថា ចិន រុស្ស៊ី និងសហរដ្ឋអាមេរិក គួរតែធ្វើជាគំរូក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមជាសកលនានា ហើយរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពពិភពលោក ព្រមទាំងរួមចំណែកកាន់តែច្រើន ដល់វឌ្ឍនភាពរបស់មនុស្សជាតិ។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មាន CNN នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោក ស៊ី ជីនពីង បានប្រាប់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន ក្នុងជំនួបកំពូលយ៉ាងកម្ររវាងមេដឹកនាំទាំង៣ នាថ្ងៃព្រហស្បតិ៍ថា ចិន សហរដ្ឋអាមេរិក និងរុស្ស៊ី គួរតែរួបរួមគ្នាការពារសន្តិភាព និងស្ថិរភាពពិភពលោក។ លោក ស៊ី បានថ្លែងដូច្នេះថា «ក្នុងនាមជាមហាអំណាចពិភពលោក និងជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសយើងទាំង៣ គួរតែធ្វើជាគំរូដ៏ល្អ សហការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល រួមគ្នាការពារសន្តិភាព និងស្ថិរភាពពិភពលោក ព្រមទាំងរួមចំណែកកាន់តែច្រើនដល់វឌ្ឍនភាពរបស់មនុស្សជាតិ»។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលចិន-រុស្ស៉ី-អាមេរិកខាងលើនេះ រៀបចំឡើងនៅទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន ក្រៅព្រឹត្តិការណ៍កិច្ចប្រជុំកំពូល នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក (APEC)។ មុនជំនួបក្នុងទម្រង់ត្រីភាគី មេដឹកនាំទាំង៣ ក៏បានបើកកិច្ចពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នា ផងដែរ៕
