FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ ជួបទ្វេភាគីជាមួយលោក ពូទីន និងលោក ស៉ី មុនជំនួបកំពូលត្រីភាគីដ៏កម្រ

19-11-2026 12:48

(សិនជិន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន និងជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង នាថ្ងៃព្រហស្បតិ៍នេះ មុនជំនួបកំពូលត្រីភាគីដ៏កម្ររវាងមេដឹកនាំប្រទេសមហាអំណាចទាំង៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

កាលពីថ្ងៃពុធ លោក ស៉ី និងលោក ពូទីន ក៏បានបើកកិច្ចពិភាក្សាលក្ខណៈទ្វេភាគីផងដែរ។ ជំនួបទាំងនេះ កើតមានឡើងនៅក្រៅព្រឹត្តិការណ៍កិច្ចប្រជុំកំពូល នៃ​វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក ហៅកាត់ថា APEC ដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះរៀបចំនៅក្នុងទីក្រុង Shenzhen។

គួរបញ្ជាក់ថា សម្រាប់កិច្ចប្រជុំកំពូលត្រីភាគី លោក ត្រាំ លោក ស៉ី និងលោក ពូទីន ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីបញ្ហាអាវុធនុយក្លេអ៊ែរ ព្រមទាំងសង្រ្គាមនៅអ៊ុយក្រែននិងនៅអ៉ីរ៉ង់។ យ៉ាងណាមិញ អ្វីដែលសំខាន់ទៅទៀតនោះ គឺនិមិត្តរូបនៃការជួបជុំនេះ ដែលត្រូវមនុស្សមួយចំនួន ហៅថា «Yalta 2.0» ដោយសារតែវាមានលក្ខណៈស្រដៀងគ្នាទៅនឹង សន្និសីទយ៉ាល់តាឆ្នាំ១៩៤៥ នៅពេលមេដឹកនាំចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពសូវៀត បានជួបគ្នាដើម្បីសម្រេចសណ្តាប់ធ្នាប់ពិភពលោក ក្រោយសង្រ្គាមលោកលើកទី២៕