FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ អួតពីជោគជ័យ មុនកិច្ចប្រជុំត្រីភាគីជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន

19-11-2026 10:52

(Shenzhen ប្រទេសចិន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាជំនួបរបស់លោកនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ៉ា្លឌីមៀ ពូទីន គឺជាជោគជ័យមួយរួចទៅហើយ មុនកិច្ចប្រជុំត្រីភាគីផ្លូវការចាប់ផ្ដើម ដោយសំអាងថាចិនបានទទួលស្វាគមន៍រូបលោកយ៉ាងកក់ក្ដៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។​

ក្រុមអ្នកវិភាគបាននិយាយថាកិច្ចប្រជុំត្រីភាគជាប្រវត្តិសាស្ត្ររវាងមេដឹកនាំមហាអំណាចនុយក្លេអ៊ែរទាំង៣ ទំនងជាមិនអាចសម្រេចបានសមិទ្ធផលធំៗនោះទេ ពោលគឺវាអាចជានិមិត្តរូបជាច្រើនជាង ស្របពេលបណ្ដាប្រទេសតូចៗ កំពុងព្រួយបារម្ភថាផលប្រយោជន៍របស់ពួកគេអាចនឹងត្រូវបានមើលរំលង។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News បានអួតថាចិនបានទទួលស្វាគមន៍រូបលោកជាមួយការរៀបចំពិធីយ៉ាងអធិកអធម ខុសពីការទទួលស្វាគមន៍មេដឹកនាំផ្សេងទៀតដូចជាលោក ពូទីន ក្នុងសភាពស្ងប់ស្ងាត់។ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានធ្វើដំណើរទៅដល់ទីក្រុង Shenzhen ដោយមិនមានការរៀបចំពិធីទទួលស្វាគមន៍នោះទេ។

លោក ស៊ី ជីនពីង បានចេញទៅទទួលស្វាគមន៍លោក ត្រាំ ដោយផ្ទាល់ដល់មុខជណ្ដើរយន្ដហោះ ហើយនេះជាលើកដំបូងបំផុតដែលមេដឹកនាំចិនរូបនេះចេញទៅទទួលស្វាគមន៍ប្រធានាធិបតីអាមេរិកដល់ព្រលានយន្ដហោះ ជាការឆ្លើយតបដែលលោក ត្រាំបានចេញទៅទទួលស្វាគមន៍រូបលោកដល់មុខជណ្ដើររថយន្ដនៅឯមូលដ្ឋានទ័ពអាកាស Joint ​Base Andrews កាលពីខែកញ្ញាកន្លងទៅ។

«លោកជាប្រធានាធិបតីដ៏អស្ចារ្យម្នាក់ ជាប្រធានាធិបតីម្នាក់ក្នុងចំណោមប្រធានាធិបតីដ៏អស្ចារ្យរបស់ចិន ហើយលោក (លោក ស៊ី ជីនពីង) មិនដែលធ្វើដំណើរទៅព្រលានយន្ដហោះដោយផ្ទាល់ដើម្បីជួបនរណាម្នាក់នោះទេ»។ នេះជាការលើកឡើងរបស់លោក ត្រាំ នៅពេលត្រូវបានសាកសួរថាតើរូបលោកចង់បានអ្វីពីកិច្ចប្រជុំត្រីភាគីមិនធ្លាប់មានពីមុនមក។ លោក ត្រាំបានបន្តទៀតថាចិនបានផ្ដល់ការគោរពដ៏អស្ចារ្យចំពោះ រូបលោក ហើយលោកពិតជាពេញចិត្តខ្លាំងណាស់ និងចាត់ទុកវាជាជោគជ័យដ៏ធំសម្រាប់សហរដ្ឋអាមេរិក និងចិនផងដែរ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ចិន បន្ទាប់ពីលោក ស៊ី ជីនពីង និងលោក ពូទីន បានធ្វើសេចក្ដីថ្លែងការណ៍ មុនកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង Shenzhen ស្ថិតនៅភាគខាងត្បូងប្រទេសចិនចាប់ផ្ដើម។ ក្នុងសុន្ទរកថាកាលពីថ្ងៃពុធ លោក ស៊ី ជីនពីងបានអំពាវនាវឱ្យមានការធ្វើពាណិជ្ជកម្មដោយសេរី និងបើកចំហ ជាមួយការលើកឡើងថាប៉េកាំងជាដៃគូមួយ ប្រកបដោយស្ថិរភាព ផ្ទុយពីសហរដ្ឋអាមេរិកដែលបានដំឡើងពន្ធគយ និងបានអនុវត្តគោលនយោបាយការបរទេសកំញើញសាច់ដុំនៅក្រោមអាណត្តិរបស់លោក ត្រាំ៕