នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក អះអាងថាការគំរាមកំហែងពីអ៉ីរ៉ង់កើនឡើងគួរឱ្យកត់សម្គាល់
19-11-2026 10:01
(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក លោក Jay Clayton ប្រាប់សភាអាមេរិកនៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាការគំរាមកំហែងពីអ៉ីរ៉ង់ចំពោះប្រជាជនអាមេរិក ទាំងនៅក្នុង និងនៅក្រៅសហរដ្ឋអាមេរិកបានកើនឡើងគួរឱ្យកត់សម្គាល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងការផ្ដល់សក្ខីកម្មចំពោះមុខគណៈកម្មាធិការសន្តិសុខមាតុភូមិនៃសភាតំណាងរាស្ត្រអាមេរិក លោក Jay Clayton បានគូសបញ្ជាក់ដូច្នេះថា «យើងនៅតែមានការប្ដេជ្ញាចិត្ត ក្នុងការតាមចាប់សញ្ញា ការកំញើញទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងនឹងចេតនាអាក្រក់ចំពោះប្រជាជនអាមេរិកទាំងនៅក្នុង និងនៅក្រៅសហរដ្ឋអាមេរិក»។ លោកបន្ថែមថាការគំរាមកំហែងពីអ៉ីរ៉ង់បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយប្រជាជនអាមេរិកទាំងប្រុសទាំងស្រី ទាំងនៅក្នុង និងនៅក្រៅសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្រោមការគំរាមកំហែង។
គួរបញ្ជាក់ថា កន្លងមក អ៉ីរ៉ង់បានព្រមានថាខ្លួននឹងបើកការវាយប្រហារលើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់ឈូងសមុទ្រពែក្ស ជាការសងសឹកទៅនឹងការវាយប្រហារណាមួយពីសហរដ្ឋអាមេរិក ដែលបាន និងកំពុងបន្តកើតមានក្នុងពេលជាង ៨ខែមកនេះ ក្រោយសហរដ្ឋអាមេរិករួមដៃគ្នាជាមួយអ៉ីស្រាអែលដុតបញ្ឆេះសង្រ្គាមជាមួយអ៉ីរ៉ង់កាលពីខែកុម្ភៈ ឆ្នាំ២០២៦។
នៅក្នុងកំណត់ហេតុមួយដែល Reuters បានឃើញកាលពីខែតុលាកន្លងទៅ លោក Clayton ក៏ធ្លាប់បាននិយាយដែរថាអ៉ីរ៉ង់បានបង្កើនកិច្ចប្រឹងប្រែងកំណត់គោលដៅលើទាហានអាមេរិក ព្រមទាំងកំពុងរៀបចំផែនការវាយប្រហារប្រឆាំងនឹងពលរដ្ឋអាមេរិក។ សារព័ត៌មានអាមេរិក CNN ក្នុងសប្ដាហ៍នេះដោយផ្អែកលើការវាយតម្លៃពី ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានរាយការណ៍ពីលទ្ធភាពដែលអ៉ីរ៉ង់ប្រហែលជាកំពុងរៀបចំផែនការបើកការវាយប្រហារដោយប្រើគ្រាប់បែកមានសារធាតុវិទ្យុសកម្ម ឬអាវុធគីមី នៅក្នុងទីក្រុងវ៉ាស៊ីនតោន។
នៅពេលត្រូវបានសាកសួរពីសេចក្ដីរាយការណ៍នេះ លោក Clayton បានកត់សម្គាល់ថារូបលោកនឹងមិនជជែកលម្អិតពីបញ្ហានេះទេ តែបានទទួលស្គាល់ថាការគំរាមកំហែងបែបនេះមិនមែនជាករណីថ្មីនោះឡើយ។ ដោយឡែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានលើកឡើងកាលពីថ្ងៃពុធថារូបលោកមិនគិតនោះទេថាមានការគំរាមភ្លាមៗណាមួយលើទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីលោក ដូណាល់ ត្រាំ បានបញ្ជាក់ថាសហរដ្ឋអាមេរិកកំពុងយកចិត្តទុកដាក់ចំពោះលទ្ធភាពដែលអ៉ីរ៉ង់អាចមានផែនការវាយប្រហារលើសហរដ្ឋអាមេរិក៕
