FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សប្រជាធិបតេយ្យ បោះឆ្នោតជ្រើសតាំង លោក Hakeem Jeffries សម្រាប់តំណែងប្រធានរដ្ឋសភាអាមេរិកស្បែកខ្មៅដំបូងបំផុត

19-11-2026 09:17

(វ៉ាស៊ីនតោន)៖ លោក Hakeem Jeffries កំពុងខិតកាន់តែកៀកក្លាយជាប្រធានសភាតំណាងរាស្ត្រអាមេរិកស្បែកខ្មៅដំបូងបំផុត បន្ទាប់ពីគណបក្សប្រជាធិបតេយ្យបានបោះឆ្នោតជ្រើសតាំងរូបលោកមេដឹកនាំរបស់ពួកគេ កាលពីថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោយទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីលើគណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិកាលពីដើមខែវិច្ឆិកាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Hakeem Jeffries មានអាយុ ៥៦ឆ្នាំ ទទួលបានការគាំទ្រ ២៥១សំឡេងទល់នឹង១១សំឡេងជំទាស់ ក្នុងការបោះឆ្នោតជាសម្ងាត់មួយដែលមិនមានអ្នកឈរឈ្មោះផ្សេងប្រជែងជាមួយលោកនោះទេ។ ការបោះឆ្នោតជ្រើសតាំងនេះបានធ្វើឱ្យលោក Jeffries ខិតកាន់តែកៀកក្លាយជាប្រធានសភាតំណាងរាស្ត្រស្បែកខ្មៅដំបូងបំផុតរបស់សហរដ្ឋអាមេរិក ក៏ដូចជាត្រូវដឹកនាំគណបក្សប្រជាធិបតេយ្យជាមួយការក្ដាប់សំឡើង ភាគច្រើនអំឡុង ២ឆ្នាំចុងក្រោយនៃអាណត្តិជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ខណៈបក្សប្រជាធិបតេយ្យកំពុងត្រៀមផ្លាស់ប្ដូរគោលនយោបាយដាក់ចេញដោយគណបក្សសាធារណរដ្ឋ និងបើកការស៊ើបអង្កេតលើរដ្ឋបាលលោក ត្រាំ។

គួរបញ្ជាក់ថា នេះគ្រាន់តែជាជ្រើសតាំងដោយគណបក្សប្រជាធិបតេយ្យប៉ុណ្ណោះ។ ពោលគឺលោក Hakeem Jeffries នៅត្រូវឆ្លងកាត់ការបោះឆ្នោតជាផ្លូវការមួយរបស់សភាតំណាងរាស្ត្រអាមេរិកនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៧ ជាថ្ងៃដែលគណបក្សប្រជាធិបតេយ្យឡើងគ្រប់គ្រង សភាទាំង២ របស់សហរដ្ឋអាមេរិក។ ដើម្បីក្លាយជាប្រធានសភាតំណាងរាស្ត្រ ឬរដ្ឋសភាអាមេរិក លោក Jeffries ត្រូវការសំឡេងគាំទ្រ ២១៨សំឡេងពីសមាជិកសភាតំណាងរាស្ត្រសរុប ហើយឥលូវគណបក្សប្រជាធិបតេយ្យមានសំឡេង២៥៩អាសនៈរួចជាស្រេចនៅក្នុងដៃ៕