FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងទ័ពអ៉ីស្រាអែល បើកប្រតិបត្តិការថ្មើរជើង ក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាស នៅហ្កាហ្សា

19-11-2026 08:48

(NUSEIRAT ដែនដីប៉ាឡេស្ទីន)៖ យោធាអ៉ីស្រាអែល នៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននិយាយថាខ្លួនបានបើកប្រតិបត្តិការថ្មើរជើងមួយ នៅក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាសនៅភាគកណ្ដាលនៃតំបនហ្កាហ្សា ជាទីដែលអ្នកសារព័ត៌មានម្នាក់របស់ AFP ប្រទះឃើញរថក្រោះជាច្រើនជាងគ្រឿងរបស់អ៉ីស្រាអែលកំពុងបោះទីតាំងនៅភាគខាងកើតនៃជំរំជនភៀសខ្លួន Nuseirat។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រភពសន្តិសុខមួយក្នុងតំបន់ហ្កាហ្សាបានប្រាប់ AFP ថាក៏មានការបាញ់ផ្លោងកាំភ្លើងធំយ៉ាងខ្លាំងរបស់អ៉ីស្រាអែលផងដែរនៅភាគខាងជើងនៃជំរំជនភៀសខ្លួន Nuseirat ហើយរថពាសដែកយោធាជាច្រើនគ្រឿងរបស់អ៉ីស្រាអែលមានវត្តមាននៅភាគកណ្ដាលតំបន់ហ្កាហ្សា នៅចំពោះមុខ ស្នូរគ្រាប់កាំភ្លើង និងការវាយប្រហារតាមផ្លូវអាកាស។ យោធាអ៉ីស្រាអែលបានទទួលស្គាល់ថាខ្លួនពិតជាបានបើកប្រតិបត្តិការថ្មើរជើងមួយនៅក្នុងតំបន់ហ្កាហ្សា ពោលគឺនៅម្ដុំភាគខាងលិចខ្សែបន្ទាត់ Yellow Line បង្កើតដោយយោធាអ៉ីស្រាអែល ក្នុងគោលបំណងលុបបំបាត់ការគំរាមកំហែងចំពោះកងទ័ពអ៉ីស្រាអែលដែលកំពុងធ្វើប្រតិបត្តិការក្នុងតំបន់ហ្កាហ្សា។

Yellow Line ត្រូវបានប្រកាសបង្កើតដោយយោធាអ៉ីស្រាអែល បន្ទាប់ពីមានបទឈប់បាញ់កាលពីខែតុលា ឆ្នាំ២០២៥។ ខ្សែបន្ទាត់នេះបានខណ្ឌចែករវាងតំបន់គ្រប់គ្រងដោយអ៉ីស្រាអែល និងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាស ហើយដោយក្នុងនោះយោធាអ៉ីស្រាអែលបានអះអាងថាខ្លួនកំពុងគ្រប់គ្រងច្រើនជាង ៦០ភាគរយនៃដែនដីប៉ាឡេស្ទីន។

គួរបញ្ជាក់ថា ទីភ្នាក់ងារការពារជនស៊ីវិលក្នុងតំបន់ហ្កាហ្សា បានរាយការណ៍ថាជនជាតិប៉ាឡេស្ទីន ៣នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងការវាយប្រហារដាច់ដោយឡែកចំនួន៣លើកដោយដ្រូនអ៉ីស្រាអែលកាលពីថ្ងៃពុធ ខណៈការបើកប្រតិបត្តិការថ្មើរជើងរបស់អ៉ីស្រាអែលកំពុងបង្កការព្រួយបារម្ភពីការជម្លៀសប្រជាជនប៉ាឡេស្ទីន ដែលកំពុងរស់នៅយ៉ាងលំបាកលំបិនសាជាថ្មី៕