អ៊ីតាលីត្រៀមដាក់កំហិតការប្រើប្រាស់បណ្ដាញសង្គមសម្រាប់ក្មេងជំទង់
18-11-2026 20:22
(រ៉ូម)៖ ប្រទេសអ៊ីតាលីត្រៀមខ្លួនក្លាយជាប្រទេសចុងក្រោយបង្អស់ដែលរឹតត្បិតការប្រើប្រាស់បណ្ដាញសង្គមសម្រាប់អនីតិជន ដោយយកគំរូតាមប្រទេសអូស្ត្រាលី ប្រេស៊ីល និងក្រិក ហើយសភារំពឹងថានឹងអនុម័តក្រឹត្យរបស់រដ្ឋាភិបាលនៅដំណាច់ឆ្នាំនេះ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
យោងតាមវិសោធនកម្មលើក្រឹត្យសន្តិសុខដែលកំពុងពិភាក្សានៅសភា និងគាំទ្រដោយក្រុមចម្រុះស្ដាំនិយមរបស់នាយករដ្ឋមន្ត្រី លោកស្រី ហ្សរហ្សា មេឡូនី (Giorgia Meloni) កុមារអាយុក្រោម ១៣ ឆ្នាំនឹងមិនអនុញ្ញាតឱ្យមានគណនីបណ្ដាញសង្គមឡើយ ចំណែកអនីតិជនអាយុចន្លោះពី ១៣ ដល់ ១៥ ឆ្នាំអាចប្រើប្រាស់បាន លុះត្រាតែភ្ជាប់ជាមួយគណនីរបស់ឪពុកម្ដាយណាម្នាក់ ហើយគណនីឯករាជ្យអាចបង្កើតបានចាប់ពីអាយុ ១៦ ឆ្នាំឡើងទៅ។ សេចក្ដីព្រាងច្បាប់ដដែលនេះ បានលើកលែងកម្មវិធីអប់រំពីបម្រាម និងតម្រូវឱ្យក្រុមហ៊ុនបណ្ដាញសង្គមផ្ទៀងផ្ទាត់អាយុអ្នកប្រើប្រាស់ ដោយអនុវត្តតាមគោលការណ៍ណែនាំដែលរៀបចំដោយនិយ័តករទូរគមនាគមន៍អ៊ីតាលី (AGCOM) ក្នុងរយៈពេល ៩ ខែបន្ទាប់ពីក្រឹត្យចូលជាធរមាន។
គួរបញ្ជាក់ថា វិសោធនកម្មនេះគ្រោងដាក់ជូនសភាអនុម័តនៅចុងខែធ្នូខាងមុខ ហើយប្រភពពីសភាបានឱ្យដឹងថា សំណើនេះស្ទើរតែប្រាកដជានឹងឆ្លងផុតការអនុម័ត ខណៈក្រុមហ៊ុនបណ្ដាញសង្គមនានានៅជុំវិញពិភពលោកកំពុងរងសម្ពាធឱ្យកែសម្រួលប្រព័ន្ធអាល់ហ្គោរីត (algorithms) របស់ខ្លួន ចំពេលមានក្ដីបារម្ភកាន់តែខ្លាំងថា បណ្ដាញសង្គមកំពុងរួមចំណែកបង្កវិបត្តិសុខភាពផ្លូវចិត្តក្នុងចំណោមកុមារ៕
