FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បទវិភាគ៖ ដំណើរការ​ប្រកបដោយ​ស្ថិរភាពជាទូទៅ សេដ្ឋកិច្ច​ចិនមាន​សង្ឃឹមបន្តនិន្នាការ​អភិវឌ្ឍន៍ឆ្ពោះ​ទៅរក​ភាពថ្មី​និងភាពល្អប្រសើរ

18-11-2026 16:22

(ប៉េកាំង)៖ នៅខែតុលា តម្លៃបន្ថែម​នៃឧស្សាហកម្មធុន​មធ្យមនិងធំ​នៅទូទាំង​ប្រទេសចិន​បានកើនឡើង ៤,៨ភាគរយ បើប្រៀបធៀប​នឹងរយៈពេល​ដូចគ្នានាឆ្នាំមុន តម្លៃសរុបនៃ​ការនាំចេញ​នាំចូលទំនិញ​មាន ៤លាន៨សែន​៦ម៉ឺន៨ពាន់​៣រយលាន​យាន់ប្រាក់ចិន ដែលកើនឡើង ៣១,២ភាគរយ បើប្រៀបធៀបនឹង​រយៈពេល​ដូចគ្នានា​ឆ្នាំមុន តម្លៃប្រើប្រាស់​របស់ប្រជាជន​ទូទាំង​ប្រទេសចិន​បានកើនឡើង ០,៧ភាគរយ បើប្រៀបធៀបនឹង​រយៈពេល​ដូចគ្នា​នាឆ្នាំមុន ហើយមិនផ្លាស់ប្តូរ​បើប្រៀបធៀបនឹងខែកញ្ញា”...កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា លោក Fu Linghui អ្នកនាំពាក្យរដ្ឋបាល​ជាតិស្ថិតិចិន ប្រធានសេដ្ឋវិទូនិង​ជាប្រធាន​នាយកដ្ឋាន​ស្ថិតិចម្រុះនៃ​សេដ្ឋកិច្ចជាតិចិន​បានថ្លែងនៅពេល​ធ្វើបទបង្ហាញអំពី​ការដំណើរការ​សេដ្ឋកិច្ចចិន​នៅខែតុលាថា សេដ្ឋកិច្ចចិន​បានទប់ទល់នឹង​កម្លាំងសម្ពាធ បន្តរក្សានិន្នាការ​អភិវឌ្ឍន៍​ប្រកបដោយ​ស្ថិរភាព និងឆ្ពោះទៅវិវឌ្ឍន៍ថ្មី និងភាពល្អប្រសើរ ដោយបង្ហាញពី​ភាពធន់និង​ភាពរស់រវើកដ៏​ខ្លាំងក្លា ដែល​លក្ខណៈពិសេសនៃ​“ស្ថិរភាព”បានកើនឡើង​យ៉ាងច្បាស់លាស់ ។

“ស្ថិរភាព” បានបង្ហាញលើ​វិស័យទាំង៥៖ ការផលិត​និងការផ្គត់ផ្គង់​កើនឡើង​ប្រកបដោយ​ស្ថិរភាព ទីផ្សារប្រើប្រាស់​ដំណើរការ​ដោយមានស្ថិរភាព និន្នាការ​កំណើន​ពាណិជ្ជកម្ម​ជាមួយ​បរទេសមាន​ស្ថិរភាព ស្ថានភាព​ឱកាសការងារធ្វើ និងតម្លៃ​ទំនិញមាន​ស្ថិរភាព និង​ជំហាននៃ​ការធ្វើបរិវត្តកម្មនិង​លើកកម្ពស់​កម្រិតមានស្ថិរភាព ។

លោក Fu Linghui បានថ្លែងថា ក្នុងបរិបទ​ដែលការប៉ះទង្គិច​ផ្នែកភូមិសាស្ត្រ​នយោបាយ​អន្តរជាតិបន្ត​កើតឡើង ទីផ្សារថាមពល​សកលប្រែប្រួល​យ៉ាងខ្លាំង ហើយថ្លៃ​ដឹកជញ្ជូន​នាវាចរណ៍សកល​កើនឡើងយ៉ាង​ខ្លាំង ដូច្នេះ​ការរក្សាផលិតកម្ម​ដែលមាន​ស្ថិរភាពគឺ​មានភាពពិបាក​ណាស់ ។ ដោយពឹងផ្អែក​លើឧត្តមភាពនៃ​ប្រព័ន្ធ​ឧស្សាហកម្មដ៏​ល្អពេញលេញ ចិន​បានបង្កើន​យ៉ាងសកម្មនូវ​កម្លាំងធានា​ការផ្គត់ផ្គង់​ថាមពល ធានាស្ថិរភាពនៃ​ខ្សែសង្វាក់​ឧស្សាហកម្ម និងខ្សែសង្វាក់​ផ្គត់ផ្គង់ និងជំរុញឱ្យ​ការផលិត​កើនឡើង​ប្រកបដោយ​ស្ថិរភាព ។

ទំនុកចិត្តលើ “ស្ថិរភាព” នៃ​ការដំណើរការ​សេដ្ឋកិច្ចបាន​ពង្រឹង​យ៉ាងខ្លាំង ដែលចំណុច​សំខាន់គឺ​ការធ្វើបរិវត្តកម្ម និងលើកកម្ពស់​កម្រិតសេដ្ឋកិច្ច​ប្រកបដោយ​ស្ថិរភាព ។ នៅខែ​តុលា តម្លៃបន្ថែម​នៃឧស្សាហកម្ម​ផលិតកម្ម​បច្ចេកវិទ្យាខ្ពស់​បានកើនឡើង ១៧,៦ភាគរយ បើប្រៀបធៀប​នឹងរយៈពេល​ដូចគ្នានាឆ្នាំមុន ដែលលឿនជាង​ខែកញ្ញាបន្តិច។ ការធ្វើបរិវត្តកម្ម​បៃតងមានភាព​កាន់តែស៊ីជម្រៅ ហើយបរិមាណ​ផលិតរថយន្ត​ថាមពលថ្មី​នៅខែតុលា​បានកើន​ឡើង ១៧,១ភាគរយ បើប្រៀបធៀប​នឹងរយៈពេល​ដូចគ្នា​នាឆ្នាំមុន ។ នវានុវត្តន៍​ផ្នែកវិទ្យាសាស្ត្រ​បច្ចេកវិទ្យានិង​នវានុវត្តន៍ផ្នែក​ឧស្សាហកម្ម​បានរួមបញ្ចូល​គ្នាយ៉ាង​ស៊ីជម្រៅ សមិទ្ធផល​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មី​ៗបានកើតឡើង​ជាបន្តបន្ទាប់ ឧស្សាហកម្មថ្មី ទម្រង់អាជីវកម្មថ្មី និងផលិតផលថ្មី​មាននិន្នាការ​អភិវឌ្ឍន៍​ល្អប្រសើរ ការកែសម្រួលនិង​ដំឡើង​កម្រិតនៃ​ឧស្សាហកម្ម​ប្រពៃណីកំពុង​បង្កើនល្បឿន ឌីជីថលូបនីយកម្ម និងភាពឆ្លាតវៃកំពុង​អភិវឌ្ឍន៍ដោយ​រួមបញ្ចូលគ្នា ដែលបាន​គាំទ្រយ៉ាងខ្លាំង​ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​គុណភាពខ្ពស់ ។

ទីផ្សារប្រើប្រាស់​បានដំណើរការ​ប្រកបដោយ​ស្ថិរភាពក៏ជា​ការបង្ហាញ​មួយនៃស្ថិរភាព​សេដ្ឋកិច្ចខែ​តុលាផងដែរ ។ ពីខែមករា​ដល់ខែតុលា បរិមាណ​លក់រាយសរុប​នៃទំនិញ និងសេវាកម្ម​ប្រើប្រាស់ក្នុង​សង្គមបាន​កើនឡើង ២,៥ភាគរយ បើប្រៀបធៀប​នឹងរយៈពេល​ដូចគ្នានា​ឆ្នាំមុន ដោយបន្ត​បង្ហាញនិន្នាការ​ពង្រីកទំហំ និងលើកកម្ពស់​គុណភាព ។ ក្នុងនោះ តម្លៃលក់រាយ​សេវាកម្ម​កើនឡើង ៤,៩ភាគរយ ដែលបាន​ក្លាយជា​កម្លាំងជំរុញ​សំខាន់ក្នុង​ការពង្រីកទីផ្សារ​ប្រើប្រាស់។

លក្ខណៈពិសេស​នៃ “ស្ថិរភាព” ក៏បង្ហាញ​នៅលើនិន្នាការ​កំណើនពាណិជ្ជកម្ម​ជាមួយ​បរទេសដែលមាន​ស្ថិរភាពផងដែរ ។ ចិនបាន​ពង្រីកយ៉ាង​សកម្មនូវ​ការបើកទូលាយ​កម្រិតខ្ពស់ ប្រកាន់ខ្ជាប់​ការបង្កើន​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម​ជាមួយប្រទេស​នានាឈរលើ​មូលដ្ឋានដែល​ផ្តល់ផលប្រយោជន៍​ដល់គ្នាទៅវិញ​ទៅមក ឈ្នះ-ឈ្នះ និងផ្តល់​ការផ្គត់ផ្គង់​ផលិតផល​គុណភាពខ្ពស់​ដល់ដៃគូ​ពាណិជ្ជកម្ម ។ នៅខែតុលា តម្លៃសរុប​នៃការនាំចេញ-នាំចូលរបស់ចិន​បានកើនឡើង ៣១,២ភាគរយ បើប្រៀបធៀប​នឹងរយៈពេល​ដូចគ្នានា​ឆ្នាំមុន ហើយបាន​រក្សាកំណើន​យ៉ាងឆាប់រហ័ស​បង្គួរតាំងពី​ដើមឆ្នាំនេះមក ។ កំណើនយ៉ាង​ឆាប់រហ័សនៃ​ពាណិជ្ជកម្ម​ជាមួយបរទេស​របស់ចិន​មិនត្រឹមតែ​បំពេញតម្រូវការ​របស់ដៃគូ​ពាណិជ្ជកម្ម​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បង្កើតបាននូវ​កាលានុវត្តភាពថ្មីសម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​សកលផងដែរ ។ប្រឈមមុខ​នឹងបរិយាកាស​សេដ្ឋកិច្ច និងពាណិជ្ជកម្ម​សកល​ដែលមាន​ការប្រែប្រួល​មិនទៀងទាត់ តម្លៃនាំចេញ​និងនាំចូលរបស់ចិន​បានរក្សា​កំណើនពីរខ្ទង់យ៉ាង​ឆាប់រហ័សជាប់ៗគ្នា​ក្នុងរយៈពេល​ជាច្រើនខែ ដោយសារ​តែប្រព័ន្ធ​ឧស្សាហកម្ម​ពេញលេញ និងឧត្តមភាព​ទីផ្សារទ្រង់ទ្រាយ​ធំរបស់ចិន ។ ដោយពឹងផ្អែក​លើខ្សែសង្វាក់​ឧស្សាហកម្ម​ពេញលេញ ការរៀបចំ​ទីផ្សារចម្រុះ និងប្រព័ន្ធ​ការបើកទូលាយ​ដែលកំពុង​ពង្រីកជាបន្ត​បន្ទាប់ តួនាទីគាំទ្រ​របស់ពាណិជ្ជកម្ម​បរទេសចំពោះ​កំណើនសេដ្ឋកិច្ច​នឹងបន្ត​ដើរដោយមាន​ប្រសិទ្ធភាព ។ ដូចដែល​លោក Wang Guanhua អ្នកនាំពាក្យនៃ​រដ្ឋបាលជាតិ​ស្ថិតិចិន និងជាអនុប្រធាន​នាយកដ្ឋាន​ស្ថិតិចម្រុះសេដ្ឋកិច្ច​ជាតិចិនបាន​ថ្លែងថា “ស្របពេល​ដែលគោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​នានាបន្តរួមបញ្ចូល​កម្លាំងគ្នា និងបង្ហាញ​ប្រសិទ្ធភាព​ជាបន្តបន្ទាប់​សេដ្ឋកិច្ចចិន​មានសង្ឃឹម​បន្តនិន្នាការ​អភិវឌ្ឍន៍ឆ្ពោះទៅរក​ការវិវឌ្ឍន៍ថ្មី​ភាពល្អប្រសើរ​និងភាពរីកចម្រើន ហើយមាន​មូលដ្ឋានគ្រឹះ និងលក្ខខណ្ឌ​គ្រប់គ្រាន់ដើម្បី​សម្រេច​បាននូវ​គោលដៅរំពឹងទុក​ប្រចាំឆ្នាំ៕

វិទ្យុមិត្តភាពកម្ពុជាចិន