មេដឹកនាំបក្សប្រឆាំងអ៊ីស្រាអែល ចោទលោក ណេតាន់យ៉ាហ៊ូ ពី «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ»

16-11-2026 20:58

(ហ្សេរុយសាឡិម)៖ មេដឹកនាំបក្សប្រឆាំងអ៊ីស្រាអែល ២រូប នៅថ្ងៃចន្ទនេះ បានចោទប្រកាន់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ពី «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ក្រោយមានសេចក្ដីរាយការណ៍ថា ការិយាល័យរបស់លោកបានព្យាយាមប្រឌិតរឿងទម្លាក់កំហុសលើសមាជិកគណបក្សអារ៉ាប់មួយ មុនការបោះឆ្នោតសភាកាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ទូរទស្សន៍ Channel 12 របស់អ៊ីស្រាអែលបានរាយការណ៍ថា នៅមុនថ្ងៃបោះឆ្នោតទី២៧ ខែតុលា នាយខុទ្ទកាល័យរបស់លោក ណេតាន់យ៉ាហ៊ូ គឺលោក Ido Norden បានទូរសព្ទប្តឹងប៉ូលិសចោទប្រកាន់សមាជិកគណបក្សអារ៉ាប់ Raam ដោយចង្អុលបង្ហាញឱ្យប៉ូលិសទាក់ទងទៅអ្នកដែលអះអាងថាជាភ្នាក់ងារផ្ដល់ព័ត៌មានស៊ើបការណ៍ម្នាក់ ប៉ុន្តែតាមពិតជាអតីតបុគ្គលិកនៅក្នុងការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ។ ព័ត៌មានពីមនុស្សម្នាក់នោះបាននាំឱ្យប៉ូលិសចាប់ខ្លួនសមាជិកគណបក្ស Raam ចំនួន ៣នាក់ ប៉ុន្តែបានដោះលែងពួកគេវិញ ក្រោយរកឃើញថាការចោទប្រកាន់នោះគ្មានមូលដ្ឋាន ខណៈគណបក្ស Likud របស់លោក ណេតាន់យ៉ាហ៊ូ បានចេញសេចក្ដីថ្លែងការណ៍ច្រានចោលការចោទប្រកាន់នេះ។ ទន្ទឹមគ្នានេះ កាសែត Haaretz ក៏បានចុះផ្សាយដែរថា ប្រធានសេវាសន្តិសុខផ្ទៃក្នុង Shin Bet បានស្នើសុំលួចស្ដាប់ទូរសព្ទមេដឹកនាំគណបក្សអារ៉ាប់មួយទៀតគឺ Joint List ប៉ុន្តែអគ្គរដ្ឋអាជ្ញាបានបដិសេធដោយសារខ្វះភស្តុតាង។ ជាការឆ្លើយតប អតីតមេដឹកនាំបក្សប្រឆាំង លោក Yair Lapid បានសរសេរលើបណ្ដាញសង្គម X ថា «នេះមិនមែនជាការប៉ុនប៉ងរំខានការបោះឆ្នោតទេ គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ចំណែកមេដឹកនាំគណបក្ស Joint List លោក Yousef Jabareen ក៏បានទាមទារឱ្យអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងលោក ណេតាន់យ៉ាហ៊ូ ត្រូវតែទទួលខុសត្រូវ។

គួរបញ្ជាក់ថា ក្រោយគណបក្សអារ៉ាប់ដណ្ដើមបានអាសនៈច្រើនមិនធ្លាប់មានក្នុងការបោះឆ្នោតកាលពីខែមុន លោក ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់គណបក្សទាំងនោះពីការបន្លំសន្លឹកឆ្នោត។ ដោយសារទាំងសម្ព័ន្ធរបស់លោក ណេតាន់យ៉ាហ៊ូ និងសម្ព័ន្ធបក្សប្រឆាំងរបស់លោក Gadi Eisenkot សុទ្ធតែរកមិនបានសំឡេងភាគច្រើន ៦១អាសនៈ ដើម្បីបង្កើតរដ្ឋាភិបាល គណបក្សអារ៉ាប់ទាំងពីរបានបង្ហាញជំហរគាំទ្រលោក Eisenkot ដែលធ្លាប់លើកឡើងថា លោក ណេតាន់យ៉ាហ៊ូ «មិនអាចបន្តដឹកនាំរដ្ឋាភិបាល សូម្បីតែមួយនាទីទៀតបានទេ»៕