RFI៖ ទាហានបារាំងត្រូវបានដាក់ពង្រាយនៅអ៊ុយក្រែន ក្នុងបេសកកម្មសម្ងាត់អស់ជាច្រើនខែ

16-11-2026 19:54

(ប៉ារីស)៖ ទាហានបារាំងបានធ្វើប្រតិបត្តិការនៅអ៊ុយក្រែនអស់រយៈពេលជាច្រើនខែមកហើយ ដោយបណ្តុះបណ្តាលទាហានអ៊ុយក្រែន និងជួយថែទាំសម្ភារៈយោធា។ នេះបើតាមវិទ្យុបារាំងអន្តរជាតិ (RFI) ដែលចុះផ្សាយនៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

ដោយដកស្រង់ប្រភពមួយចំនួន RFI ថា សមាជិកសភាបារាំងមិនត្រូវបានគេជូនដំណឹងពីបេសកកម្មសម្ងាត់នេះទេ។ បេសកកម្មនេះដឹកនាំដោយឧត្តមសេនីយ៍បារាំងម្នាក់ និងមានកូដឈ្មោះថា «Volia» ដែលជាពាក្យអ៊ុយក្រែនមានន័យថា «សេរីភាព» ឬ «ឆន្ទៈ»។ ទោះយ៉ាងណា ប្រភពដដែលនេះមិនបានបញ្ជាក់ពីចំនួនទាហានទេ ប៉ុន្តែថា បេសកកម្មនេះមានវត្តមាននៅអ៊ុយក្រែនយ៉ាងហោចណាស់តាំងពីរដូវក្តៅឆ្នាំ២០២៦ ដោយប្រើក្រុមតូចៗ ដែលត្រូវបញ្ជូនទៅបំពេញការងាររយៈពេលខ្លី។

ប្រភពដែលដឹងរឿងនេះបានប្រាប់ RFI ថា បេសកកម្មផ្លូវការ «Gerfaut» នៅប៉ូឡូញ ត្រូវបានប្រើជាលេស ដើម្បីបិទបាំងវត្តមានទាហានបារាំងនៅអ៊ុយក្រែន និងជាច្រកសម្រាប់បញ្ជូនទាហានចូលប្រទេសនេះ។ Gerfaut ជាកងកម្លាំងយោធាបារាំង ដែលបានដាក់ពង្រាយនៅប៉ូឡូញតាំងពីឆ្នាំ២០២៣ ក្រោមបេសកកម្មជំនួយយោធារបស់សហភាពអឺរ៉ុប (EU) ហើយចាប់តាំងពីពេលនោះមក កងទ័ពបារាំងបានបណ្តុះបណ្តាលទាហានអ៊ុយក្រែនចំនួន២៥,០០០នាក់ ទាំងនៅបារាំង និងប៉ូឡូញ។

គួរបញ្ជាក់ថា បារាំងនឹងរៀបចំការបោះឆ្នោតពីរជុំនៅខែមេសា និងខែឧសភា ដើម្បីជ្រើសរើសអ្នកស្នងតំណែងប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង ដែលជាអ្នកគាំទ្រអ៊ុយក្រែនយ៉ាងមុតមាំ។ លោកស្រី ម៉ារីន ឡឺប៉ែន មេដឹកនាំគណបក្សស្តាំនិយមជ្រុល (RN) ដែលកំពុងនាំមុខគេក្នុងការប្រកួតប្រជែងនេះ បានប្រកាសថា បើលោកស្រីជាប់ឆ្នោត បារាំងនឹងកាត់ជំនួយហិរញ្ញវត្ថុដល់អ៊ុយក្រែនក្នុងរយៈពេល៦ខែ៕