សិង្ហបុរី និងអាមេរិកឯកភាពបន្តពិភាក្សាអំពីក្រុមហ៊ុន Megaspeed ដែលពាក់ព័ន្ធនឹងរឿងអាស្រូវ Nvidia
16-11-2026 19:12
(សិង្ហបុរី)៖ សិង្ហបុរី និងអាមេរិកបានឯកភាពគ្នាបន្តពិភាក្សាអំពីក្រុមហ៊ុន Megaspeed ដែលជាចំណុចកណ្តាលនៃរឿងអាស្រូវរបស់ Nvidia។ នេះបើតាមសារព័ត៌មាន Straits Times របស់សិង្ហបុរី ដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់។
ក្រុមហ៊ុនផ្តល់សេវា Cloud ដែលមានមូលដ្ឋាននៅសិង្ហបុរីនេះ ត្រូវបានគេចាប់អារម្មណ៍ ក្រោយមានរបាយការណ៍ថា អតីតនាយកប្រតិបត្តិ Nvidia លោក Jensen Huang មានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី Alice Huang អតីតថ្នាក់ដឹកនាំ Megaspeed ដែលអាជ្ញាធរអាមេរិកសង្ស័យថាជាភ្នាក់ងារចារកម្មចិន។ រដ្ឋមន្ត្រីអភិវឌ្ឍន៍ឌីជីថលសិង្ហបុរី អ្នកស្រី Josephine Teo បានលើកយករឿងនេះមកពិភាក្សា ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Christopher Landau នៅវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន។
សិង្ហបុរីបានហាមឃាត់អ្នកស្រី Alice Huang មិនឱ្យចូលប្រទេសម្តងទៀត ក្រោយប៉ូលិសព្រមានអ្នកស្រី ពីបទផ្តល់ព័ត៌មានមិនពិតដោយចេតនា ដែលធ្វើឱ្យតួនាទីរបស់អ្នកស្រីក្នុងក្រុមហ៊ុន មើលទៅតូចជាងការពិត ខណៈការស៊ើបអង្កេតលើ Megaspeed និងបុគ្គល៦នាក់ផ្សេងទៀត នៅតែបន្ត។ ចំណែក Megaspeed ថា អ្នកស្រីបានចាកចេញពីក្រុមហ៊ុនតាំងពីខែសីហា ឆ្នាំ២០២៥ ហើយក្រុមហ៊ុនធ្វើអាជីវកម្មស្របច្បាប់។
គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២៥ មានរបាយការណ៍ថា អាជ្ញាធរអាមេរិកកំពុងស៊ើបអង្កេតថា តើ Megaspeed បានជួយអតិថិជនចិនឱ្យទទួលបានបន្ទះឈីប Nvidia ដែលអាមេរិករឹតបន្តឹងការនាំចេញឬទេ ប៉ុន្តែចិនបានបដិសេធ ហើយមិនទាន់រកឃើញថាក្រុមហ៊ុននេះបំពានច្បាប់ទេ៕
