ឥណ្ឌាកោះហៅមន្រ្តីជាន់ខ្ពស់ក្រសួងទូរគមនាគមន៍មកសួរនាំ ជុំវិញករណីបិទគេហទំព័រជាង ១០០ តាមដីកាក្លែងក្លាយ
14-11-2026 22:46
(ញូដែលី)៖ ការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានកោះហៅរដ្ឋលេខាធិការក្រសួងទូរគមនាគមន៍ ឱ្យមកពន្យល់អំពីករណីដែលក្រុមមន្ត្រីចេញបញ្ជាឱ្យបិទគេហទំព័រជាង ១០០គេហទំព័រ ដោយផ្អែកលើដីកាតុលាការក្លែងក្លាយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
នៅឆ្នាំនេះ រដ្ឋាភិបាលឥណ្ឌាបានបញ្ជាឱ្យក្រុមហ៊ុនផ្តល់សេវាអ៉ីនធឺណេតបិទគេហទំព័រភ្នាល់ខុសច្បាប់ចំនួន ១២៩ ដោយផ្អែកលើដីកាសម្រេចរបស់តុលាការជាន់ខ្ពស់ថ្នាក់រដ្ឋចំនួនពីរ។ ប៉ុន្តែ Reuters បានរកឃើញថា ដីកាទាំងនោះគឺជាឯកសារក្លែងក្លាយ ដែលការរកឃើញនេះបាននាំឱ្យប៉ូលិសបើកការស៉ើបអង្កេតព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងលទ្ធភាពនៃការបោកបញ្ឆោត។
ទោះជាការភ្នាល់តាមអ៉ីនធឺណេតគឺជាសកម្មភាពខុសច្បាប់នៅក្នុងប្រទេសឥណ្ឌាក៏ដោយ ប៉ុន្តែករណីនេះបានបង្កឱ្យមានក្តីបារម្ភថាកង្វះខាតយន្តការការពារនៅក្នុងប្រព័ន្ធលុបមាតិការបស់ប្រទេសឥណ្ឌា អាចបើកផ្លូវឱ្យមានការប្រើប្រាស់ឯកសារតុលាការក្លែងក្លាយ ដើម្បីបិទគេហទំព័រស្របច្បាប់នានា។
មន្ត្រីរដ្ឋាភិបាលពីររូបដែលដឹងអំពីបញ្ហានេះបានឱ្យដឹងថា ការិយាល័យរបស់លោក Modi បានកោះហៅលោក Amit Agrawal រដ្ឋលេខាធិការក្រសួងទូរគមនាគមន៍ ឱ្យចូលខ្លួនមកពន្យល់អំពីកំហុសឆ្គងដែលបានកើតឡើង ដោយតម្រូវឱ្យលោកបញ្ចប់ដំណើរទស្សនកិច្ចមុនពេលកំណត់។
លោក Agrawal គឺជាមន្ត្រីជាន់ខ្ពស់បំផុតនៅក្នុងក្រសួងទូរគមនាគមន៍ ដែលមានតួនាទីត្រួតពិនិត្យគ្រប់ភាគីពាក់ព័ន្ធ ចាប់ពីប្រតិបត្តិករទូរគមនាគមន៍ធំៗ រហូតដល់អ្នកផ្តល់សេវាអ៉ីនធឺណេត។ ជុំវិញការលើកឡើងដោយមន្រ្តីពីររូបនេះ លោក Agrawal ក្រសួងទូរគមនាគមន៍ និងការិយាល័យរបស់លោក Modi មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕
