FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សេលេនស្គី ថាអាមេរិកលើកសំណើឱ្យអ៊ុយក្រែនធ្វើសម្បទានទឹកដី ជាថ្នូរនឹងការចូលជាសមាជិក NATO

14-11-2026 20:43

(កៀវ)៖ លោកប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានលើកឡើងក្នុងការអត្ថាធិប្បាយមួយចេញផ្សាយនាថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាសហរដ្ឋអាមេរិកបានស្នើជាលើកដំបូងឱ្យអ៊ុយក្រែនប្រគល់ទឹកដីទៅឱ្យរុស្ស៉ី ជាថ្នូរនឹងការចូលជាសមាជិកអង្គការណាតូ (NATO)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

ការអត្ថាធិប្បាយនេះធ្វើឡើងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រ បន្ទាប់ពីលោក ហ្សេលេនស្គី បំពេញទស្សនកិច្ចនៅដាណឺម៉ាក និងអៀរឡង់ ជាទីដែលលោកបានជួបមេដឹកនាំអឺរ៉ុប បន្ទាប់ពីមានកិច្ចចរចារវាងអ៊ុយក្រែន និងរុស្ស៉ីសម្របសម្រួលដោយសហរដ្ឋអាមេរិក រយៈពេលពីរថ្ងៃនៅទីក្រុង Abu Dhabi។ វាគឺការជាផ្នែកមួយនៃអត្ថាធិប្បាយដែលត្រូវបានរក្សាទុកមិនអនុញ្ញាតឱ្យផ្សព្វផ្សាយរហូតដល់ថ្ងៃសៅរ៍នេះ។

«ភាគីអាមេរិកចោទជាសំណួរថា យ៉ាងមិចដែរបើអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ? តើអ៊ុយក្រែន អាចដកខ្លួនចេញពីតំបន់ Donbas ឬទេ?»។ នេះជាការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី នៅក្នុងការអត្ថាធិប្បាយនោះ។

លោក ហ្សេលេនស្គី និយាយទៀតថា អ៊ុយក្រែនកំពុងពិភាក្សាអំពី «ការធានាសន្តិសុខជាក់លាក់ពីអង្គការណាតូ និងសហភាពអឺរ៉ុប (EU)» ហើយប្រសិនបើបណ្តាប្រទេសលោកខាងលិចផ្តល់ការបញ្ជាក់អំពីការធានាទាំងនេះ «នោះខ្ញុំនឹងសួរប្រជាជនអ៊ុយក្រែនថា តើពួកគេយល់ឃើញយ៉ាងណា តើយើងគួរទទួលយកវាដែរឬទេ? ខ្ញុំគ្មានសិទ្ធិសម្រេចចិត្តលើរឿងនេះដោយខ្លួនឯងឡើយ»។

គួរបញ្ជាក់ថា កិច្ចចរចារវាងអ៊ុយក្រែន រុស្ស៉ី និងសហរដ្ឋអាមេរិក បានបញ្ចប់ទៅដោយគ្មានវឌ្ឍនភាពណាមួយឡើយ ប៉ុន្តែភាគីទាំងអស់បានឯកភាពគ្នាថា មន្ត្រីអឺរ៉ុបគួរតែត្រូវបានរួមបញ្ចូលនៅក្នុងកិច្ចចរចានាពេលអនាគត៕